សម្ដេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ-១៩ វគ្គ២ «ការឧបត្ថម្ភថវិកា ដល់កម្មករ កម្មការិនី»

ភ្នំពេញ៖ សៀវភៅ សម្ដេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាស្នាដៃរបស់ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានបង្ហាញកាន់តែច្បាស់អំពីភក្ដីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ និង ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស និងយល់កាន់តែច្បាស់អំពីទេពកោសល្យសិល្បៈនៃកការដឹកនាំ ការចាត់ចែង ការបែងចែកការងារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។

សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនជ្រួតជ្រាបពីកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយសង្គ្រោះជីវិតប្រជាជន ការស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ ក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៃជំងឺកូវីដ-១៩ ហើយលោកអ្នកនឹងនឹកឃើញនូវអនុស្សាវរីយ៍របស់ខ្លួនដែលបានឆ្លងកាត់ដ៏ញាប់ញ័រក្នុងពេលបិទខ្ទប់ និងការបែងចែកតំបន់ក្រហម តំបន់លឿង និងលឿងទុំ។

វគ្គ២ «ការឧបត្ថម្ភថវិកា ដល់កម្មករ កម្មការិនី»
នៅពេលវិបត្តិកូវីដ-១៩ ឬកូរ៉ូណា កើតឡើងនៅប្រទេសចិន វិបត្តិការងារ និងរោងចក្រកាត់ដេរនៅកម្ពុជាក៏កើតឡើងជាបណ្តើរៗ។ តាមទិន្នន័យបឋម រោងចក្រប្រមាណជា១០០ បានព្យួរហើយចុងក្រោយជាង២០០បានបិទទ្វារតែម្ដង ដោយសារខ្វះវត្ថុធាតុដើម និងការបិទទីផ្សារនៅបណ្តាប្រទេសមួយចំនួន។

វិបត្តិកូវីដ-១៩ អាចជាការសប្បាយរីករាយរបស់ក្រុមអ្នកប្រឆាំង ដែលជាទូទៅមានបំណង ឬចេតនាឱ្យរាជរដ្ឋាភិបាលដួលរលំ ទោះតាមមធ្យោបាយណាក៏ដោយ សូម្បីក្នុងដំណាក់កាលកូវីដដ៏គ្រោះថ្នាក់ ក៏ពួកគេមិនបានព្យាយាមជួយរកដំណោះស្រាយសម្រាប់កម្ពុជានោះទេ តែនៅអំពាវនាវឱ្យប្រជាពលរដ្ឋក្រោកឡើងបះបោរប្រឆាំង ការបិទខ្ទប់ និងរឿងដ៏ឈឺចាប់ គឺពួកគេស្នើឱ្យសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ២០%ពីកម្ពុជា។

ទីបំផុតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈកម្ពុជា និងពិភពលោកំពុងជាប់ដៃវឹកវរប្រយុទ្ធជាមួយជំងឺកូវីដ-១៩ សហគមន៍អឺរ៉ុបក៏អនុវត្តន៍នូវគោលការណ៍ដ៏អមនុស្សធម៌ អសីលធម៌ គ្មានបេះដូងជាមនុស្សជាតិមកលើកម្ពុជា គឺការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះ។ ការធ្វើបែបនេះ គឺដើម្បីធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដួលរលំ តាមការចង់បានរបស់ពួកគេ។ ប៉ុន្តែ សេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មិនបានរង្គោះរង្គើនោះទេ គឺនៅតែរឹងមាំ ហើយក្រោយមក សម្តេចបានប្រកាសជាសាធារណៈជាញឹកញយថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនជារដ្ឋក្ស័យធនទេ។

ផ្ទុយទៅវិញគំនាបរបស់សហគមន៍អឺរ៉ុបដែលចង់ធ្វើឱ្យរដ្ឋាភិបាលសម្តេច ហ៊ុន សែន លៀនអណ្តាត វ័ណ្ឌក នោះ មិនអាចទៅរួច ហើយក៏ទ័លច្រក ព្រោះពួកគេយល់ថា ការដាក់ទណ្ឌកម្មលើប្រព័ន្ធអនុគ្រោះពន្ធ នឹងធ្វើឱ្យសម្តេច ហ៊ុន សែន ចុះចាញ់ និងអង្វរពួកគេ ក្រោមលក្ខខណ្ឌនយោបាយ។ ប៉ុន្តែ សម្តេច ហ៊ុន សែន ដែលមើលធ្លុះពីបំណងទុច្ចរិតទាំងនេះ និងដែលតែងតែត្រៀមទុកជាមុននូវហេតុការណ៍ទាំងឡាយ បានច្រានចោលគ្រប់ចេតនាទាំងឡាយ។សម្តេច លោកតែងតែលើកឡើងថា មិនឱនក្បាល មិនយកអធិបតេយ្យជាតិ ទៅដូរនឹងជំនួយមានលក្ខខណ្ឌជាដាច់ខាត។

សហគមន៍អឺរ៉ុប ដែលលង់នឹងការអំពាវនាវរបស់ក្រុមបក្សប្រឆាំងបួនដប់នាក់ក្រៅប្រទេស ក៏ស្រងាកចិត្ត ព្រោះបំណងពួកគេចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមរយៈការដកប្រពន្ធអនុគ្រោះពន្ធ ផ្ទួនគ្នាជាមួយវិបត្តិកូវីដនោះ មិនអាចទៅរួច ឬហៅថា ជាបរាជ័យ ដ៏គួរឱ្យអាម៉ាស់របស់ពួកគេ។

ព័ត៌មានបឋម ត្រូវបានផ្សព្វផ្សាយឱ្យដឹង គឺរោងចក្រប្រមាណ៥០ បានដាក់ពាក្យសុំព្យួរការងារកម្មករ កម្មការិនី។ នេះជាផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមកម្ពុជាមួយផ្នែកគួរឱ្យព្រួយបារម្ភ។ មួយខែក្រោយមក ក្រសួងការងារ បានចេញរបាយការណ៍មួយថា កម្មករ កម្មការិនី ដែលប៉ះពាល់ ដោយការព្យួរការងារ ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ ឬកូរ៉ូណា មានចំនួនប្រមាណ១០ម៉ឺននាក់។

មួយខែបន្ទាប់ទៀត ចំនួនរោងចក្រ ដែលព្យួរការងារ កម្មករ កម្មការិនី បានកើនដល់១៨០ ក្នុងនោះ ចំនួន៦០ បន្ថែមទៀត ក៏ត្រៀម ដាក់ពាក្យសុំព្យួរដូចគ្នា បណ្តាលឱ្យចំនួនកម្មករ កម្មការិនី ដែលរងផលប៉ះពាល់ដោយសារការព្យួរកើនឡើងដល់ជាង១៥ម៉ឺននាក់។ មួយថ្ងៃក្រោយមក តួលេខថ្មីមួយទៀត ដែលអះអាងដោយអគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថាGMAC បានឱ្យដឹងថា កម្មករ កម្មការិនី ប្រមាណ២០ម៉ឺន នាក់ត្រូវបានព្យួរការងារ និង១០ម៉ឺននាក់ផ្សេងទៀត ប្រឈមនឹងការព្យួរការងារដូចគ្នា។

១៥ថ្ងៃក្រោយមក ប៉ុន្តែ ចំនួនកម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ត្រូវក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់មានត្រឹមតែជាង១១ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនរោងចក្រកាត់ដេរ ដែលបានព្យួរការងារបានកើន ដល់ប្រមាណ២៣៧រោងចក្រ។ ទោះបីតួលេខខុសគ្នាយ៉ាងណាក្តី ប៉ុន្តែបញ្ហាប្រឈម ដែលរាជរដ្ឋាភិបាលត្រូវដោះស្រាយ គឺបញ្ហាសេដ្ឋកិច្ចគ្រួសារប្រជាជនកម្មករទាំងអស់។ មួយសប្តាហ៍ក្រោយមកចំនួនរោងដែលត្រូវព្យួរការងារ បានកើនឡើងដល់២៤៦ ធ្វើឱ្យប៉ះពាល់ដល់កម្មករ កម្មការិនី ចំនួនជាង១២ម៉ឺននាក់ ក្នុងនោះសហគ្រាសទេសចរណ៍ចំនួន១៦៤បានព្យួរ ប៉ះពាល់ដល់បុគ្គលិក ប្រមាណជាង១ម៉ឺន៥ពាន់នាក់។ តួលេខ នៃផលប៉ះពាល់ការងារ ពីការព្យួររោងចក្រ សហគ្រាស ដោយសារតែកូវីដ នៅតែមានភាពល្អៀងគ្នា ប៉ុន្តែ ភាពជាក់លាក់នៃវិបត្តិ គឺសម្តេចប្រមុខរាជរដ្ឋាភិបាលជាអ្នករ៉ាប់រងទាំងឈឺចាប់។

វិបត្តិនេះ ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រមុខដឹកនាំកម្ពុជាគឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រោះសម្តេច យល់ថា ការព្យួរការងារយូរ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារពួកកម្មករ។ ដើម្បីស្តារកុំឱ្យមានវិបត្តិសង្គមកិច្ចកើតឡើង និងដើម្បីជួយទ្រទ្រង់ជីវភាពបងប្អូនកម្មករបានខ្លះ ជំហានដំបូងសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភប្រមាណ១២០ដុល្លាររយៈពេល៦ខែ ដល់សិក្ខាកាម ជាកម្មករនិយោជិតម្នាក់ៗ ដែលបាត់បង់ការងារ។ អំឡុងពេលនេះ ចំនួនកម្មករ ដែលបាត់បង់ការងារនៅមានចំនួនតិចនៅឡើយ ហើយកម្មករនិយោជិត ដែលត្រូវទទួលបានការឧបត្ថម្ភនេះ គឺជា កម្មករ និយោជិត ដែលរងផលប៉ះពាល់មុនគេពីបញ្ហាព្យួរការងារ ដោយសារកូវីដ-១៩ ឬកូរ៉ូណា និងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរយៈពេល៤ខែពីក្រសួងការងារ។

សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ដើម្បីសម្រាលបន្ទុកក្មួយៗ កម្មករ និយោជិត តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្មួយៗកម្មករនិយោជិត នឹងទទួលបាននូវអត្ថប្រយោជន៍ពីការជួយជ្រោមជ្រែងលើកិច្ចការមួយចំនួនទៀតដូចជា៖ -ផ្ដល់សេវាជួយរកការងារឱ្យកម្មករធ្វើតាមរយៈទីភ្នាក់ងារជាតិមុខរបរ ដែលអាចជួយជំរុញកម្មករ និយោជិត ដែលបាត់បង់ការងារឱ្យចាប់យកការងារថ្មីបានឆាប់រហ័ស។ -បណ្ដុះបណ្ដាលជំនាញទន់រយៈពេលខ្លីពី១ដល់២សប្ដាហ៍ដល់កម្មករ និយោជិត ដែលបាត់បង់ការងារ និងមិនទាន់អាចរកការងារធ្វើឡើងវិញបាន។ -បណ្ដុះបណ្ដាលជំនាញបច្ចេកទេសរយៈពេល៤ខែ ដើម្បីបំពាក់ជំនាញថ្មី និងផ្ដល់ភាពងាយស្រួលក្នុងការរកការងារធ្វើក្នុងវិស័យមិនមែនកាត់ដេរ។-ផ្ដល់ជូនដល់សិក្ខាកាមដែលត្រូវបានជ្រើសរើស និងទទួលបានការបណ្ដុះបណ្ដាលនូវប្រាក់ឧបត្ថម្ភ ចំនួន ១២០ដុល្លារអាម៉េរិកសម្រាប់រយៈពេល៦ខែ (៤ខែសម្រាប់ការបណ្ដុះបណ្ដាល និង២ខែ សម្រាប់ទុកបម្រុងក្នុងអំឡុងពេលរកការងារធ្វើមិនទាន់បាន)។

ជាង២ខែបន្ទាប់ ក្រោយពីវិបត្តិការងារកាន់តែធ្ងន់ទៅៗ សម្តេចប្រមុខរាជរដ្ឋាភិបាលបានស្នើឱ្យមានកែប្រែការជួយឧបត្ថម្ភជ្រោមជ្រែងដល់កម្មករ និយោជិត ដែលត្រូវព្យួរការងារ គឺនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារក្នុងមួយខែ ក្នុងនោះ រាជរដ្ឋាភិបាល៤០ដុល្លារ និងថៅកែ ឬម្ចាស់រោងចក្រ៣០ដុល្លារ។

មួយខែក្រោយមក រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានប្រកាសពីការចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលព្យួរការងារ ចំនួន៣៣,២៣១នាក់ ក្នុងរោងចក្រសហគ្រាសចំនួន១១១ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ស្របតាមស្មារតី នៃសេចក្តីណែនាំលេខ០៤៥/២០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួង និងស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

នៅចុងឆ្នាំ២០២១ រាជរដ្ឋាភិបាល ក៏នៅទំនុកបម្រុង ជួយឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិត ដែលសេសសល់ពីការព្យួរការងារប្រមាណចំនួន១,០៣៧នាក់ នៃរោងចក្រ សហគ្រាសទាំង១៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍។ ការឧបត្ថម្ភនេះ គឺជាការផ្ដល់លើកទី៧៤របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ។

ទាំងនេះគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលរែកពន់ ចំពោះសុខទុក្ខប្រជាជន ដោយមិនរើសអើង។ វិបត្តិការងារដ៏គួរឱ្យបារម្ភនេះ កើតឡើងដោយសារការបញ្ជូនវត្ថុធាតុដើមពីប្រទេសចិនត្រូវបានជាប់គាំង ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩។

អំឡុងពេលនោះ ដើម្បីបញ្ចៀសពីផលប៉ះពាល់ ឬការកើតឡើង នូវវិបត្តិ កាន់តែធ្ងន់ធ្ងររឡើង សម្តេច តេជោ ហ៊ុន សែន នៅបានខ្នះខ្នែង និងស្នើដោយទទូចឱ្យមានការផ្ដល់វត្ថុធាតុដើមពីប្រទេសជាបន្ទាន់មួយ។ ក្រោយការប្រឹងប្រែងដោយឥតនឿយណាយរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខប្រជាជនទាំងនៅចំពោះមុខទាំងប្រយោល នៅ២សប្តាហ៍បន្ទាប់ វត្ថុធាតុដើមប្រមាណ៧កុងតឺន័រ ត្រូវបានបញ្ជូនមកកម្ពុជាភ្លាមៗតាមកប៉ាល់ និងចូលចតនៅផែខេត្តព្រះសីហនុចំនួន៥គ្រឿង នៅហូជីមិញ២គ្រឿង។

ទោះជាយ៉ាងណា វិបត្តិកូវីដ-១៩ រយៈពេលពេញមួយឆ្នាំដំបូង បានបណ្តាលឱ្យរោងចក្រកាត់ដេរប្រមាណ១២៩ ត្រូវបានបិទទ្វារមិនដំណើរការទាំងស្រុង ក្នុងនោះបណ្តាលឱ្យកម្មករ កម្មការិនីប្រមាណជាង៧ម៉ឺននាក់ បាត់បង់ការងារ។

ជាមួយគ្នានេះ ការជួយឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ និយោជិត ដែលព្យួរការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៣៤០៩នាក់ មកពីរោងចក្រសហគ្រាសចំនួន៤៦ ក្នុងនោះវិស័យកាត់ដេរ៣ និងវិស័យទេសចរណ៍មាន៤៣ ដែលទទួលបានថវិកា៤០ដុល្លារក្នុងមួយខែ ត្រូវបានរាជរដ្ឋាភិបាលបន្តរហូតមក ហើយ ទើបតែត្រូវបានបញ្ចប់ត្រឹមខែមករា ឆ្នាំ២០២២។ ចំណែកកម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅតែទទួលបានប្រាក់ឧបត្ថម្ភដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ៕ ដោយ៖ គង់ សេដ្ឋាមុនី