បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង លើកទឹកចិត្តដល់សិស្សានុសិស្ស និងយុវជនឱ្យខិតខំបន្តការយកចិត្តទុកដាក់ក្នុងការសិក្សាទាំងថ្នាក់មូលដ្ឋាន ទាំងជំនាញ ភាសា និងកុំព្យូទ័រ ដើម្បីដើរឱ្យទាន់សកលភាវូបនីយកម្មនៃបច្ចេកវិទ្យាទំនើបបែបប្រព័ន្ធ Digital ។
លោកថ្លែងបែបនេះនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២២-២០២៣ លោកបន្ដទៀតថា វិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាវិស័យអាទិភាពដ៏សំខាន់ ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដោយឡែកវិស័យអប់រំនៅខេត្តបាត់ដំបងកំពុងតែដើរលើផ្លូវមួយប្រកបដោយមោទកភាព និងបង្កបរិយាកាស ដោយផ្តល់នូវឱកាសឱ្យសិស្សានុសិស្ស និងយុវជនគ្រប់រូបទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើការលើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០១៦-២០៣០ ។
ជាមួយគ្នានេះដែរ លោក សុខ លូ បានលើកយកសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ មកបង្ហាញ ដែលជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ចៅៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា នៅក្នុង “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” ។
សារលិខិតរបស់សម្តេចតេជោ បានបន្តទៀតថា ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក រាជរដ្ឋាភិបាលបានជំរុញការណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផល នូវទស្សនទាន “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” ដោយត្រូវធានាផ្តល់សេវាអប់រំ ដែលមានភាពធន់ រស់រវើក និងភាពឆ្លើយតប ហើយក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តអនុវត្ត និងគាំទ្រដល់ “ការអប់រំតាមបែប ឌីជីថល” ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិ តំបន់ និងសកលលោក ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងកសាងប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធិនៃការដឹកនាំ និង គ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន ។
សារលិខិតរបស់សម្តេចតេជោ បន្ថែមទៀតថា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធាន មនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល និងប្រកបដោយជំនាញក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងនៅចំណុចសំខាន់ៗជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍វិស័យអប់រំឱ្យកាន់តែមានការរីកចម្រើនថែមទៀត ៕