គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ ៨សម្រេចបាន ៥០% ហើយ

កណ្ដាល៖ គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ ៨ ចាប់ពីគីឡូម៉ែត្រ ២៥+៨២០ ដល់គីឡូម៉ែត្រ ២៩+៣០០ សម្រេចបាន ៥០% ហើយ។ នេះ បើតាម លោក នូ សុវត្ថិ រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន ឱ្យដឹងក្នុងពេល ដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យការដ្ឋានគម្រោងខាងលើ។

គម្រោងស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៨នេះមានប្រវែងសរុប២ ៤៨០ម៉ែត្រ ទទឹង២៤,៥១ម៉ែត្រ ដោយនៅកណ្ដាលទ្រូងផ្លូវមានសួនច្បារ ទទឹង៣ម៉ែត្រ មានលូបង្ហូរទឹកភ្លៀងនៅសងខាងផ្លូវ និងមានបំពាក់បង្គោលភ្លើង និងភ្លើងបំភ្លឺពេលយប់ ដែលកន្លែងខ្លះនៃផ្លូវគឺត្រូវចាក់បេតុង រួចអ៊ុតកៅស៊ូACពីលើ។

គម្រោងនេះត្រូវបានអនុវត្តដោយកងវិស្វកម្មសម្តេចតេជោសៀមរាប (ក្រុម ក) ដែលគិតមកដល់បច្ចុប្បន្នគម្រោងសម្រេចបាន៥០%ហើយ។

ក្នុងឱកាសចុះពិនិត្យនេះ លោក រដ្ឋលេខាធិការ បានណែនាំឱ្យក្រុមកងវិស្វកម្មដែលទទួលអនុវត្តគម្រោង ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមប្លង់បច្ចេកទេស និងកិច្ចសន្យា និងត្រូវជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងដាក់ស្លាកសញ្ញានៅគ្រប់ការដ្ឋានដែលកំពុងសាងសង់ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
ដោយ៖ ពុទ្ធិពល