អង់គ្លេសបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា

ភ្នំពេញ៖ ចក្រភពអង់គ្លេស នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងស៊ីជម្រៅជាមួយកម្ពុជា ពិសេសពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសថ្មី បញ្ជាក់ថា ចក្រភពអង់គ្លេសផ្តោតលើវិស័យ សក្ដានុពល ដូចជា សេវាកម្មហិរញ្ញវត្ថុ, វិស័យអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ និងធានារ៉ាប់រង ពិសេស មូលបត្របៃតង (Green Bond) ដែលអាចជំរុញនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ ។

លោកបន្ដថា ចក្រភពអង់គ្លេសជាប្រទេសដែលមានបទពិសោធច្រើន លើសេវាកម្មហិរញ្ញវត្ថុ និងមានទីផ្សារហិរញ្ញវត្ថុធំ ដែលអាចក្លាយជាដៃគូវិនិយោគរបស់កម្ពុជា ស្របពេលដែលកម្ពុជាកំពុងមាន ត្រូវការអភិវឌ្ឍលើវិស័យទាំងនោះផងដែរ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ។

ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានជូនពរ ឯកអគ្គរាជទូតអង់គ្លេសថ្មី ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ៕ ដោយ៖ សៀងហៃ