ទំហំពាណិជ្ជកម្មកម្ពុជានិងអ៊ីតាលី សម្រេចបាន ៤០៩,៣៤ លានដុល្លារ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩,៣៤ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ៣៦,៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។នេះ បើតាមលទ្ធផលជំនួបពិភាក្សារវាងលោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម ជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី។

បើតាមជំនួបពិភាក្សាភាគីទាំងពីរនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុងរោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញដទៃទៀត។

ភាគីទាំងពីរប្តេជ្ញាបន្តជំរុញនិងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងបន្ថែមទៀតនាពេលអនាគត។ ភាគីអ៊ីតាលីបានសន្យាលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តភាគីទាំងពីរបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគី ដែលជាកត្តាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី ឈានដល់កម្រិតសក្តានុពល៕ ដោយ៖ពុទ្ធិពល