បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា ខែធ្នូ ឆ្នាំ២០២២

ភ្នំពេញ៖ ក្រោយពីធ្លាក់ចុះកំណើនដោយសារជំងឺកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញ ដោយមានការទ្រទ្រង់ពីវិស័យនាំចេញដែលនៅមានភាពរឹងមាំ។ ប៉ុន្តែ កម្ពុជានៅតែប្រឈមមុខនឹងឧបសគ្គច្រើនទៀតនៅក្នុងសេដ្ឋកិច្ចសកលលោក ខណៈដែលសកម្មភាពពាណិជ្ជកម្មពិភពលោកមានកំណើនយឺត។

ធនាគារពិភពលោកបានកែសម្រួលឡើងវិញនូវការព្យាករអំពីកំណើនផ.ស.សពិតរបស់កម្ពុជា នឹងមាន ៤,៨ភាគរយ ក្នុងឆ្នាំ២០២២ ដោយឃើញថា សេដ្ឋកិច្ចកំពុងមានសកម្មភាពរើបឡើងវិញជាទូទៅ។ ការនាំចេញទំនិញសម្លៀកបំពាក់, ទំនិញធ្វើដំណើរ និងទំនិញស្បែកជើង នៅមានសកម្មភាពរស់រវើកគួរឱ្យកត់សម្គាល់ដដែល។ ការរកចំណូលពីវិស័យសេវាកម្ម ពិសេសពីផ្នែកធ្វើដំណើរនិងទេសចរណ៍ ក៏មានភាពប្រសើរឡើងដែរ ក្រោយពីរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុងឆ្នាំកន្លងទៅ។

អតិផរណានៅកម្ពុជាកំពុងកើនខ្ពស់ជាងមុន និងបង្កផលប៉ះទង្គិចខ្លាំងទៅលើជីវភាពរបស់គ្រួសារក្រីក្រ ដែលក្នុងនោះមានគ្រួសារខ្លះត្រូវបានបង្ខំចិត្តកាត់បន្ថយបរិមាណអាហារហូបចុករបស់ខ្លួន និងឈប់ឱ្យកូនទៅរៀនទៀតផង។ បញ្ហានេះអាចជះឥទ្ធិពលអាក្រក់យូរអង្វែងទៅលើមូលធនមនុស្ស ដោយវានឹងបណ្តាលឱ្យបាត់បង់នូវផលិតភាពរបស់ពលករ និងសុខុមាលភាព និងបង្កវិសមភាពនៃការទទួលបានចំណូល។

គោលនយោបាយរូបិយវត្ថុបន្តដើរតួសំខាន់ក្នុងការងើបឡើងវិញរបស់សេដ្ឋកិច្ច ក្នុងនោះ ជំនឿទុកចិត្តលើប្រព័ន្ធធនាគារនៅមានកម្រិតខ្ពស់។ កំណើនឥណទានក្នុងស្រុករក្សាបានភាពរឹងមាំ ហើយអត្រាប្តូរប្រាក់ក៏មានស្ថិរភាពដែរ។ ប្រាក់ចំណូលក្នុងស្រុកឥឡូវនេះមានកំណើនស្ទុះងើបពេញលេញវិញហើយ រីឯការចំណាយត្រូវបានរំពឹងទុកថានឹងថមថយល្បឿនបន្តិចវិញ បន្ទាប់ពីមានការចំណាយច្រើនទៅលើវិធានការសង្គ្រោះពាក់ព័ន្ធនឹងជំងឺរាតត្បាត នៅក្នុងឆ្នាំកន្លងទៅ។ តាមរយៈនេះ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងរួមតូចបន្តិចមកវិញ បើទោះបីជាវានៅតែមានទំហំធំគឺ ៤,៦ភាគរយនៃផ.ស.សក៏ដោយ ហើយឱនភាពនេះនឹងត្រូវបានបំពេញមួយផ្នែកធំតាមរយៈការខ្ចីបុលពីខាងក្រៅប្រទេស។

ទន្ទឹមនឹងការងើបឡើងវិញនៃសេដ្ឋកិច្ច ការព្យាករកំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣ ត្រូវបានបន្ទាបមកនៅត្រឹម ៥,២ភាគរយ ដោយសារ តាមការព្យាករ ការធ្លាក់ចុះនៃពាណិជ្ជកម្មសកល ជាពិសេសនៅសហរដ្ឋអាមេរិក និងប្រទេសចិន។ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយប្រទេសចិនក៏ជាប្រភពធំជាងគេនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ខ្លួនដែរ។

ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យរយៈពេលមធ្យមនៅមានភាពវិជ្ជមាន ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជួយគាំទ្រដល់កំណើននៃផលិតកម្មកសិកម្ម និងការកែច្នៃកសិផល។ ការវិនិយោគខ្លាំងទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលទំនងជានឹងមានសន្ទុះកើនឡើងថែមទៀត។

ប្រសិនបើតម្លៃថាមពលនៅតែខ្ពស់យូរទៀត វានឹងធ្វើឱ្យលក្ខខណ្ឌពាណិជ្ជកម្មកាន់តែមានសភាពយ៉ាប់យ៉ឺនខ្លាំង ដែលនឹងបំផ្លាញទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងលទ្ធភាពរកចំណេញរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ កំណើនឥណទានខ្ពស់ និងការប្រមូលផ្តុំឥណទានក្នុងស្រុកនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យធំចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។
ដើម្បីរក្សាឱ្យបាននូវនិរន្តរភាពសេដ្ឋកិច្ច កម្ពុជាត្រូវតែពង្រីកលំហសារពើពន្ធឡើងវិញ។ ក្នុងន័យនេះ ធនាគារពិភពលោកសូមជូនអនុសាសន៍ ដូចតទៅ៖ ពង្រីងមូលដ្ឋានពន្ធ។
ការពាររក្សាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុ។ ជំរុញលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសក្នុងផ្នែកធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ដោះស្រាយឧបសគ្គក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងនោះរួមមានចំណាយថ្លៃដើមខ្ពស់លើឡូហ្ស៊ិស្ទិក និងការដឹកជញ្ជូន ព្រមទាំងរកវិធីសម្រួលឧបសគ្គសម្រាប់ផ្នែកផ្គត់ផ្គង់តាមរយៈការកាត់បន្ថយចំណាយថ្លៃដើមលើថាមពល, លើការធ្វើអាជីវកម្ម និងការចេញអាជ្ញាបណ្ណអាជីវកម្ម។ ការដោះស្រាយបញ្ហាទាំងនេះនឹងមានប្រយោជន៍ជួយធុរកិច្ចផ្នែកនាំចេញឱ្យស្តារសមត្ថភាពប្រកួតប្រជែងនៅក្រៅស្រុកបានទៀតផង៕
ដោយ៖ពុទ្ធិពល