ជាង៣ខែ សមត្ថកិច្ចរកឃើញមនុស្សជាង១ពាន់នាក់ ក្រោយសុំអន្តរាគមន៍

ភ្នំពេញ ៖ ក្នុងរយៈពេលជាង៣ខែ ចាប់ពីថ្ងៃទី១៨ ខែសីហា មកដល់ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចរកឃើញមនុស្សចំនួន ១១២២នាក់ ក្រោយសុំឱ្យធ្វើអន្តរាគមន៍ ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ដើម្បីជួយសង្គ្រោះពាក់ព័ន្ធបទល្មើសនានា។

ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចព្រងើយ កន្តើយបានឡើយ ហើយត្រូវឆ្លើយតបជាបន្ទាន់ តាមវិធានការបោសសម្អាតបទល្មើសយ៉ាងមានប្រសិទ្ធភាព នូវ«ផែនការប្រតិបត្តិ ការបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធ» ។

លោកស្រីបញ្ជាក់ថា ៦៧៦សំណើ ត្រូវបានដាក់ចូលក្នុងគេហទំព័រហ្វេសប៊ុក សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយផ្ទាល់ និងត្រូវបានស៊ើបអង្កេត និងបង្ក្រាបបទល្មើសបន្ត បន្ទាប់៕ ដោយ៖​ រិន​ ចំរើន