ភ្នំពេញ ៖ ខណៈកំពុងដំណើរការបើកប្រាក់ តាមរយៈប័ណ្ណសមធម៌របស់ប្រជាពលរដ្ឋខ្មែរសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងមន្ដ្រីឃុំ-សង្កាត់ បន្ទាប់ពីមានករណីឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ ឬកាតវីង ដើម្បីដកយកថវិការបស់អ្នកទទួលផល ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយក្រោម ២ឆ្នាំ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានឱ្យដឹងថា ក្នុងគោលបំណងផ្ដល់នូវកិច្ចគាំពារដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ ក៏ដូចជាលើកកម្ពស់សុខុមាលភាពមាតា និងទារក ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីនៅក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការ លូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី រាជរដ្ឋាភិបាលបានដាក់ដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះមានប័ណ្ណសមធម៌ (ក្រកម្រិត១ ឬក្រ កម្រិត២) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំដែលបាននិងកំពុងអនុវត្តតាមយន្តការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ក្នុងនោះ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកតាមដានត្រួតពិនិត្យ និងជំរុញការអនុវត្ត ដោយមានរដ្ឋបាលឃុំ សង្កាត់ជាអ្នកអនុវត្តផ្ទាល់។
សម្ដេចបន្ដថា រយៈពេលជាងពីរឆ្នាំកន្លងទៅ កម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈជាការឧបត្ថម្ភសាច់ប្រាក់នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបាន លទ្ធផលផ្លែផ្កា ហើយថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួនពីរទៀតគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធ អតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។
សម្ដេច បានឱ្យដឹងទៀតថា ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាន ក៏កើតមានភាពមិនប្រក្រតីមួយចំនួន ដូចជា៖ ការយកកម្រៃសេវាពី ប្រជាពលរដ្ឋដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ ការឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ និងកាត់វឹង ដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធី ជាដើម។
សម្ដេច ស ខេង បញ្ជាក់ថា «ដូច្នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុចរិតភាព ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមជាពិសេសកម្មវីធីឧបត្ថម្ភសាច់ប្រាក់ រដ្ឋបាលរាជធានី-ខេត្ត ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតិវិធីនៃការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលកំពុងតែអនុវត្ត ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរង ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យដំណើរការ នាពេលថ្មីៗនេះ»។
សម្ដេចថា អភិបាលរាជធានី-ខេត្ត ត្រូវណែនាំដល់មេឃុំ ចៅសង្កាត់ មិនត្រូវប្រគល់ឈ្មោះគណនី (Username) និងលេខសម្ងាត់ (Password) សម្រាប់អនុម័តអ្នកទទួលផលចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅបុគ្គលផ្សេងឡើយ។ ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណា ដែលបានអនុវត្តមិនប្រក្រតីនៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះ៕ ដោយ៖ រិន ចំរើន