កម្មវិធីយល់ដឹងផ្នែកច្បាប់របស់សារព័ត៌មានខ្មែរឈានមុខ សហការជាមួយការិយាល័យមេធាវី ប៊ី អឹម ស៊ី សូមលើកយកប្រធានបទមួយទាក់ទងការលេងល្បែងស៊ីសង មកធ្វើការបកស្រាយ និងចែករំលែកជូនសាធារណជនដើម្បីមានមូលដ្ឋានក្នុងការត្រិះរិះពិចារណា ក៏ដូចជាស្វែងយល់អំពីទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធមួយចំនួននឹងប្រធានបទមួយនេះ។
មនុស្សខ្លះគិតថា ល្បែងស៊ីសងជាការកម្សាន្តសប្បាយ តែអ្នកខ្លះយល់ថាជាទង្វើនាំឲ្យមានការវិនាសអន្តរាយ។
នៅក្នុងសង្គមមនុស្ស ប្រទេសណាក៏មានការលេងល្បែងស៊ីសងដែរ ហើយល្បែងស៊ីសងនេះមិនមែនទើបតែមាននៅពេលបច្ចុប្បន្ននេះទេ គឺមានយូរមកហើយគ្រាន់តែសម័យបច្ចុប្បន្ននេះមានការវិវត្ត ច្រើនប្រភេទ និងទំនើប ដូចជាការលេងល្បែងតាមប្រព័ន្ធអនឡាញជាដើម។
តើអ្វីទៅជាល្បែងស៊ីសង?
ល្បែងស៊ីសង សំដៅដល់ល្បែងគ្រប់ប្រភេទ ដែលគេលេងភ្នាល់ណាមួយដែលមានស៊ីមានសងទៅវិញទៅមក ហើយគោលដៅនៃការលេងល្បែងនោះ ដើម្បីឈ្នះលុយរបស់អ្នកឯទៀត។ ការលេងល្បែងស៊ីសងចាប់ផ្តើមចេញពីការមានគោលដៅគិតតែពីប្រយោជន៍ខ្លួន ពោលគឺចង់បានលុយពីអ្នកដែលបានចាញ់។
ពីសម័យមុនយើងសង្កេតឃើញមានល្បែងស៊ីសងដែលគេនិយម ដូចជា ការជល់មាន់ ដាក់លុយ ការជល់ក្របី ជល់ត្រី ការលេងអុកភ្នាល់គ្នាដាក់លុយ ការលេងបៀរ អាប៉ោង ការចាក់ខ្លាឃ្លោកជាដើម។ តែបច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើន និងទំនើប អ្វីៗក៏ងាយស្រួល នាំឲ្យមានការវិវត្តនៃការលេងល្បែងស៊ីសងនេះផងដែរ ដូចជា ការចាក់បាល់អនឡាញ ការចាក់ទឹកភ្លៀង និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងទៀត ដូចជា ការលេងបៀរអនឡាញ ឡូតូ ចាក់កន្ទុយលេខ ឬចាក់ឆ្នោត ជាដើម។
យើងឃើញថា ល្បែងមានឈ្នះមានចាញ់ តែល្បែងស៊ីសងគឺជំរុញឲ្យមានបំណងប្រាថ្នា ចង់បានអ្វីមួយដែលឥតខ្លឹមសារ ហើយអ្នកដែលលេងល្បែងស៊ីសងមិនយូរប៉ុន្មាននឹងជួបប្រទះការបំភាន់ក្នុងគំនិតថា គេគ្រាន់តែលះបង់បន្តិចប៉ុណ្ណោះ ឬមិនចាំបាច់ចំណាយអ្វីសោះ តែទទួលបានមកវិញនូវប្រាក់ជាច្រើន។ ពួកគេនឹងឃើញថាពួកគេចំណាយប្រាក់យ៉ាងច្រើន បាត់បង់កិត្តិយសផ្ទាល់ខ្លួន និងការគោរពពីសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេថែមទៀត។ ពួកគេត្រូវបានបំភាន់ក្នុងគំនិត និងធ្វើឲ្យញៀន ជាញឹកញាប់ពួកគេយកប្រាក់សម្រាប់ប្រើប្រាស់ក្នុងគោលបំណងចាំបាច់ផ្សេងៗក្នុងគ្រួសារ ទៅលេងល្បែង។ ពេលខ្លះអ្នកលេងល្បែងស៊ីសងចាញ់ងើបមុខមិនរួច ជាប់បំណុលគេវ័នករ និងអស់សង្ឃឹមក្នុងការសងបំណុលល្បែង ធ្វើឲ្យពួកគេចាប់ផ្តើមដើរលួច ឆក់ប្លន់ កាប់សម្លាប់យ៉ាងឃោរឃៅ លះបង់ចោលកេរ្ត៍ឈ្មោះដ៏ល្អរបស់ខ្លួនក្លាយជាជនដែលនាំមកនូវវិបត្តិដល់សង្គមនិងគ្រួសារ។ មួយវិញទៀតល្បែងស៊ីសងជាប្រភពនៃអំពើហិង្សាក្នុងគ្រួសារ និងសហគមន៍ ព្រោះថាពេលគេចាញ់អារម្មណ៍មួរមៅ តប់ប្រមល់ ឆេវឆាវ និងបាត់ម្ចាស់ការលើខ្លួនឯង ចាប់ផ្តើមសំដីខ្លាំងៗ និងឈាន់ដល់ការប្រើប្រាស់អំពើហិង្សាផ្សេងៗ។
តើការលេងល្បែងស៊ីសងត្រូវទទួលទោសយ៉ាងដូចម្តេច?
យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ត្រូវហាមឃាត់ដាច់ខាតការលេងល្បែងស៊ីសងគ្រប់ ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។
ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺន (១០.០០០) រៀល ដល់ ប្រាំម៉ឺន (៥០.០០០) រៀល ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសជាប្រាក់ពីប្រាំម៉ឺន (៥០.០០០) រៀល ដល់ប្រាំសែន (៥០០.០០០) រៀល និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ដល់ម្ភៃលាន (២០.០០០.០០០)រៀលនិងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងត្រូវយក មកអនុវត្តដល់អតិបរមា។
ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួលភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការី និងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូសហើយធ្វើកំណត់ហេតុឲ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ។ វត្ថុតាងសម្រាប់បម្រើឲ្យការលេងល្បែងស៊ីសងនោះ ក៏ត្រូវរឹបអូសដូចខាងលើនេះដែរ។
ពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសងនេះដែរ រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ក្រុមការងារមួយនេះមានតួនាទីភារកិច្ចដូចជា៖ រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្រ្កាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែលបានប្រព្រឹត្តនៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការបង្រ្កាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន៕