ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល ដើម្បី ជម្រុញលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់ផ្នែកអភិបាលកិច្ច ដើម្បីធានាដល់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៃតម្រូវការសង្គម ។
ក្រោយដាក់ឱ្យដំណើការនេះ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បាន លើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលផ្ដោតលើលទ្ធផល និងវិមជ្ឈការស្របតាមស្តង់ដារនិងឧត្តមមានុវត្តន៍អន្តរជាតិ។
លោកបន្តថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាកំណែទម្រង់ដែលនឹងធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍន៍មូលដ្ឋាន ប្រកបដោយបរិយាប័ណ្ណ និងសមធម៌សង្គម។
លោកបន្ថែមថា កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ជាកម្មវិធីដែលធានាឲ្យបាននូវរដ្ឋបាលសាធារណៈ ដែលមានលក្ខណៈខ្លាំង ស្អាតស្អំ ឆ្លាតវៃ និងផ្ដោតលើប្រជាជនជាស្នូល។
បើតាម លោក ឡុង ឌីម៉ង់ កម្មវិធីជាតិកែទម្រង់ទាំង 3 ខាងលើនេះ មិនអាចខ្វះបាននូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលនឹងផ្ដល់ឲ្យមានការទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា តាមរយៈការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងសិទ្ធិទទួលបានយុត្តិធម៌៕ ដោយ៖ ពុទ្ធិពល