YSEALI ជាកម្មវិធីចម្បងរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹង ការអភិវឌ្ឍភាពជាអ្នកដឹកនាំ នៅតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ អ្នកស្រី Camille Dawson ឧបការីរង រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រចាំការិយាល័យកិច្ចការអាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក បានថ្លែងថា កម្មវិធីគំនិតផ្ដួចផ្ដើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍(YSEALI)នៅតែជាកម្មវិធីចម្បងរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹង ការអភិវឌ្ឍភាពជាអ្នកដឹកនាំ នៅតំបន់អាស៊ីអាគ្នេយ៍។

អ្នកស្រី Camille Dawson បានថ្លែងក្នុងកិច្ចប្រជុំកំពូល YSEALI ២០២២ នៅរាជធានីភ្នំពេញនាថ្ងៃទី០៦ខែធ្នូឆ្នាំ២០២២ថា YSEALI បច្ចុប្បន្ននេះបង្កើតឱ្យមានកម្មវិធី និងសកម្មភាពហូរហែរជាច្រើន ជាងពេលដែលយើងបានចាប់ផ្តើម គឺមានតាំងពីសិក្ខាសាលាបណ្តុះបណ្ដាលក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្មវិធីផ្លាស់ប្តូរទស្សនកិច្ចជាលក្ខណៈវិជ្ជាជីវៈ ទៅកាន់សហរដ្ឋអាមេរិក សិក្ខាសាលាវិជ្ជាជីវៈផ្សេងៗរបស់ YSEALI នៅសាកលវិទ្យាល័យ ហ្វុលប្រាយរបស់វៀតណាម គម្រោងឈ្មោះថា SEED ដើម្បីគាំទ្រនូវដំណោះស្រាយនវានុវត្តន៍ និងកម្មវិធី ប្រចាំឆ្នាំ YOUnified ដែលជាការស្ម័គ្រចិត្តរបស់យុវជនមានទេពកោសល្យជុំវិញតំបន់អាស៊ាន ។ តាំងពីឆ្នាំ ២០១៥ មកបណ្តាញសមាជិក YSEALI បានកើនឡើងពីចំនួន៣ ម៉ឺន ៥ពាន់ ដល់១៦ម៉ឺននាក់។

អ្នកស្រី ឧបការីរង បានគូសបញ្ជាក់ថា «ពេលណាដែលមិត្តរួមការងារនៅក្រសួងការបរទេសអាម៉េរិក និង ខ្ញុំជួបគ្នាជាមួយមន្ត្រីតំបន់អាស៊ីអាគ្នេយ៍ កម្មវិធី YSEALI ត្រូវបានគេលើកនិយាយម្ដងហើយម្ដងទៀត ។ ថាមពល ការតាំងចិត្តរបស់អ្នកក្នុងការពង្រឹងនូវសហគមន៍របស់អ្នក និងការតស៊ូមតិដើម្បីឱ្យមានគោលនយោបាយសាធារណថ្មី គឺកំពុងទទួល បាននូវចំណាប់អារម្មណ៍ជាវិជ្ជមាន មិនត្រឹមតែនៅក្នុងប្រទេសរបស់អ្នកទាំងអស់គ្នាទេ តែនៅគ្រប់កម្រិត ក្នុងសហរដ្ឋអាមេរិក»។

អ្នកស្រី Camille Dawson ឧបការីរង រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានសង្កត់ធ្ងន់ថា«សហរដ្ឋអាមេរិក និងប្រទេសអាស៊ាន មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈកម្មវិធីនានា ដែលផ្សារភ្ជាប់រវាងប្រជាជនអាស៊ាននិងអាម៉េរិក ជាពិសេសយុវជន។ YSEAL ជាបេះដូងនៃទំនាក់ទំនងនេះ»។

អ្នកស្រីបន្ថែមថា ការចូលរួមរបស់អ្នកក្នុងកម្មវិធី YSEAL បានផ្តល់នូវបទពិសោធន៍ផ្ទាល់ដំបូងនិងទស្សនវិស័យអំពីទំនាក់ទំនងរវាងប្រទេសយើង។ យើងឱ្យតម្លៃនូវតួនាទីដែលអ្នកកំពុងមានក្នុងការយល់គ្នា និងបង្កើតនូវចំណង រវាងប្រជាជននិងប្រទេសរបស់យើងទាំងអស់។ អ្នកស្រី ឧបការីរង រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានអះអាងបន្ថែម« ខ្ញុំដឹងថា YSEALI នឹងបន្តរឹងមាំ ជាកម្មវីធីចម្រុះ ដោយសារមានការប្ដេជ្ញាចិត្តពីអ្នកដឹកនាំវ័យក្មេងដូចជាអ្នកទាំងអស់គ្នា ធ្វើការរួមគ្នា ដើម្បីដោះស្រាយនូវ បញ្ហាប្រឈម និងបង្កើតនូវអនាគតភ្លឺស្វាងសម្រាប់អាស៊ីអាគ្នេយ៍»។

បើតាម អ្នកស្រី Camille Dawson ការពង្រឹងនូវចំណងទាក់ទងរវាងសហរដ្ឋអាមេរិកនិងប្រជាជន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានសារៈសំខាន់ សម្រាប់គោលនយោបាយការបរទេសអាម៉េរិក ពីព្រោះយើងទទួលស្គាល់នូវតម្រូវការក្នុងការធ្វើការរួមគ្នាជាមួយដៃគូនិងសម្ព័ន្ធភាព ក្នុងការដោះស្រាយនូវបញ្ហាប្រឈមជាសាកល៕
ដោយ៖ គង់ សេដ្ឋាមុនី