ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងក្រសួងសាធារណការ ត្រូវសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ នៅលើផ្លូវល្បឿនលឿននេះបានទាបបំផុត។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿនដែលទើបបានកសាង និងដាក់ឱ្យប្រើប្រាស់លើកដំបូង តាំងពីដើមខែតុលាមកដល់ពេលនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៦លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរងរបួសធ្ងន់ឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពនៃផ្លូវថ្នល់ប៉ុណ្ណោះ។
សម្ដេចបន្ដថា ដូច្នេះ វិស្វកម្មផ្លូវថ្នល់ដែលដាក់ចរាចរណ៍ឯកទិស មានចែកគន្លងផ្លូវច្បាស់លាស់ មានគំនូស និងផ្លាកសញ្ញាគ្រប់គ្រាន់ និងការធ្វើចរាចរណ៍ដោយគ្មានម៉ូតូ នៅផ្លូវល្បឿនលឿន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា «ខ្ញុំគិតថា ក្រុមហ៊ុនវិនិយោគ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ដធ្វើការងារនេះបន្ដទៀត ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅលើផ្លូវល្បឿនលឿននេះ ឱ្យកាន់តែតិច ជាការល្អប្រសើរ ។ ម្យ៉ាងយើងធ្វើដំណើរបានលឿនផង ដើម្បីហ្នឹងដោះស្រាយបញ្ហាកិច្ចការងារផ្សេងៗ បានឆាប់រហ័ស ប៉ុន្ដែម្យ៉ាងទៀត ក៏កាត់បន្ថយ ឬបញ្ចៀសបាននូវគ្រោះថ្នាក់ទៅតាមផ្លូវល្បឿនលឿននេះ គឺជាជោគជ័យរបស់យើង»។
សម្ដេចក្រឡាហោម បន្ថែមថា បើសិនផ្លូវល្បឿលឿននេះ បន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថា «ផ្លូវនេះ មិនទាន់ល្អប្រសើរនោះទេ»៕ ដោយ៖ រិន ចំរើន