អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតបបីចំណុចទៅកាន់វិទ្យុVOA ពាក់ព័ន្ធនឹងការតែងតាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តាមរយៈទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា (AKP)នៃក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឆ្លើយតបចំនួន ០៣ចំណុច ទៅកាន់វិទ្យុ សម្លេងសហរដ្ឋអាមេរិក (VOA) ពាក់ព័ន្ធនឹងការតែងតាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជាពិសេសគឺការតែងតាំង លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ៖ «ទី១ ពាក់ព័ន្ធនឹង ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការតែងតាំង លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មានគឺផ្អែកលើតម្រូវការចាំបាច់ និងស្ថានភាពជាក់ស្តែងរបស់ក្រសួងដើម្បីជួយដឹកនាំអភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសើរបន្ថែមទៀត។ លើសពីនេះទៅទៀត ការតែងតាំងនេះ ក៏ផ្អែកលើសមត្ថភាពចំណេះជំនាញ និងបទពិសោធន៍ការងារក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ជាច្រើនរបស់លោកដែលសមស្របទៅនឹងតម្រូវការរបស់ក្រសួងផងដែរ។

ទី២ ខ្ញុំមិនយល់ស្របទៅនឹងការលើកឡើងរបស់ក្រុមមួយចំនួនតូចដែលថា ការតែងតាំងនេះវាធ្វើប៉ះពាល់ដល់វិស័យព័ត៌មានទាំងមូល និងធ្វើឱ្យធ្លាក់ចុះនូវទំនុកចិត្តលើសារព័ត៌មាននោះទេ។ ផ្ទុយទៅវិញ ការតែងតាំងថ្នាក់ដឹកនាំដែលមានចំណេះជំនាញ និងបទពិសោធន៍ច្រើន និងច្បាស់លាស់លើវិស័យព័ត៌មាន គឺនឹងអាចជួយកសាងនូវក្របខ័ណ្ឌគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មានក្នុងពេលបច្ចុប្បន្នព្រមទាំងអាចជួយឱ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាដើរទាន់បណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។

បន្ថែមពីនេះ ការយកអ្នកសារព័ត៌មានជើងចាស់ដែលមានវិជ្ជាជីវៈ គឺដើម្បីយល់ដឹងពីការប្រឈមរបស់អ្នកសារព័ត៌មាន ហើយអាចដោះស្រាយបញ្ហាអ្នកសារព័ត៌មានចំចំណុចវិជ្ជមាន សម្រាប់វិស័យសារព័ត៌មាន សម្រាប់តម្លាភាពក្នុងសង្គម និងដើម្បីជំរុញរបបប្រជាធិបតេយ្យដោយមានការចូលរួម (anticipatory democratic movement) កាន់តែសកម្មថែមទៀត។
ទី៣ ចំពោះការលើកឡើងដែលថា រាជរដ្ឋាភិបាលតែងតាំងនេះ ដោយសារតែអ្នកសារព័ត៌មាននោះជាអ្នកមាននិន្នាការគាំទ្រគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ខ្ញុំយល់ថា ការរលើកឡើងនេះ គឺមានចេតនាញុះញង់ឱ្យមានការរើសអើងក្នុងចំណោមអ្នកសារព័ត៌មានដូចគ្នា និងជាការបំបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានក្នុងការចូលរួមគាំទ្រ និងជ្រើសរើសជីវភាពនយោបាយដែលពួកគាត់ពេញចិត្ត ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
សូមរម្លឹកថា មុនក្លាយជារដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ប៉ែន បូណា គឺជានិពន្ធនាយកស្ថានីយទូរទស្សន៍ PNN និងជាប្រធានក្លិបអ្នកកាសែតកម្ពុជា៕ ដោយ៖ គង់ សេដ្ឋាមុនី