ប្រធាន APF ដាក់សំណើពីរចំណុចដល់កម្ពុជា

ភ្នំពេញ៖ លោក Christophe-André FRASSA សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានគណៈកម្មការនយោបាយបារាំង APF បានដាក់សំណើរពីរចំណុចដល់កម្ពុជា។ សំណើនេះ ធ្វើឡើងក្នុងពេលទទួលទានអាហារថ្ងៃត្រង់ដែលរៀបចំជូនគណៈប្រតិភូ ដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីចុងសប្ដាហ៍កន្លងទៅ។

សំណើចំនួនពីរនោះ រួមមាន៖ ទី១.កិច្ចសហប្រតិបត្តិការផ្លូវការរវាង APF និងសភាអន្តរសភាអាស៊ាន (AIPA)។ និងទី២.ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនាពេលអនាគតរបស់APFនៅកម្ពុជា ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូង ចាប់តាំងពីការបង្កើតអង្គការនេះ ក្នុងឆ្នាំ១៩៦៧។

ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ភាគីកម្ពុជានឹងសិក្សាដោយយកចិត្តទុកដាក់ទៅលើសំណើទាំងពីរនេះ។ ក្នុងករណីមានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរអាស៊ាន-AIPA និង អាជ្ញាធរកម្ពុជា APF នឹងឯកភាពលើសំណើនេះ។

ក្នុងពិធីដ៏ស្និទ្ធស្នាលនោះ លោក ប្រាក់ សុខុន បានរំឭកពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូនី និងបានបញ្ជាក់ថា នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា មានរដ្ឋមន្ត្រីជាច្រើនរូប និយាយភាសាបារាំង។ លោក Christophe-André FRASSA បានសាទរចំពោះប្រការនេះ និង បានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងស្មោះស្ម័គ្ររបស់កម្ពុជានៅក្នុងគ្រួសារ APFដ៏ធំនេះ ជាពិសេស នៅក្នុងកិច្ចប្រជុំសំខាន់នានារបស់ APF។
ទាក់ទងនឹងការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ លោក ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកចូលរួមបោះឆ្នោតមានអត្រាខ្ពស់លើសពី ៨០% ហើយជាលទ្ធផល អាសនៈចំនួន ២០% នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានកាន់កាប់ដោយគណបក្សផ្សេងៗ។ យោងទៅលើបរិបទពិភពលោកបច្ចុប្បន្ន និងអស្ថិរភាពក្នុងសកលលោក តួលេខនេះគឺជាសូចនាករដ៏ល្អសម្រាប់ការបោះឆ្នោតនីតិប្បញ្ញត្តិនៅឆ្នាំ២០២៣ ខាងមុខ។

នេះជាលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅ កម្ពុជា ដែលស្តែងឡើង ជាពិសេស តាមរយៈការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាជាង ៩៥% បានទទួលវ៉ាក់សាំង។
ប្រធានគណៈកម្មការនយោបាយ បានបង្ហាញពីបំណងពិភាក្សាពីការបោះឆ្នោតនាពេលខាងមុខនេះ ជាមួយនឹងចក្ខុវិស័យថ្មី ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់ព័ត៌មាន ដើម្បីអាចឱ្យអ្នកសង្កេតការណ៍អន្តរជាតិបានដឹងអំពីសកម្មភាពទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត នៅក្នុងក្របខ័ណ្ឌនៃការបោះឆ្នោតនីតិប្បញ្ញត្តិនាពេលខាងមុខ៕
ដោយ៖ គង់ សេដ្ឋាមុនី