ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីរីករាយចំពោះសិស្សានុសិស្ស ផ្លាស់ប្ដូរឥរិយាបទ ពីការប្រឡងបើកចម្លងគ្នា ឥឡូវនេះមកប្រឡងឈរលើចំណេះដឹងខ្លួនឯង។
ខណៈអញ្ជើញបើកហឹបវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នៅវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ហង់ជួន ណារ៉ុន បានសង្កេតឃើញថា បេក្ខជនប្រឡងទាំងអស់ បានគោរពវិន័យយ៉ាងល្អ ព្រមទាំងគោរពទៅតាមបទប្បញ្ញត្តិ នៃការប្រឡងផងដែរ។
លោក ជឿជាក់ថា ដំណើរការប្រឡងឆ្នាំនេះ នឹងដំណើរការរលូន។ ចំពោះប្រធានវិញ្ញាសាប្រឡងឆ្នាំនេះ គឺក្រសួងរក្សាស្ដង់ដារ ដដែល ដូចបណ្ដាឆ្នាំមុនៗ។ ចំពោះការរៀបចំទុកដាក់ វិញ្ញាសាប្រឡងវិញ ក្រសួងមិនឱ្យបែកធ្លាយឡើយ ព្រោះថា អ្នករៀបចំ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយរលូន នឹងទទួលបានជោគជ័យ។
រដ្ឋមន្ត្រីក្រសួងអប់រំបន្ថែមថា ចំពោះអ្នកជាប់និទ្ទេស ឆ្នាំនេះ លោកមិនទាន់ហ៊ានប៉ាន់ស្មានឡើយ។ លោក រដ្ឋមន្ដ្រី បញ្ជាក់ថា «អ្វីដែលយើងសប្បាយចិត្ត សិស្សានុសិស្សរបស់យើង គាត់ខិតខំប្រឹងប្រែងរៀនសូត្រ គាត់ផ្លាស់ប្ដូរឥរិយាបទ មកប្រឡងបើកចម្លង មកប្រឡងឈរ ទៅលើមូលដ្ឋានចំណេះដឺងរបស់គាត់ ហើយគ្រូ ក៏ជួយគាំទ្រ ដែលយើងឃើញថាចំណុចគន្លឹះ សម្ដេច នាយករដ្ឋមន្ដ្រី ជួបជាមួយសិស្សនិទ្ទេស A បានធ្វើឱ្យសិស្សានុសិស្សជាច្រើន ខំប្រឹងរៀន ដើម្បីបាននិទ្ទេសA ដើម្បីបានជួបសម្ដេច»។
លោក ហង់ជួន ណារ៉ុន បន្ដទៀតថា ចំពោះនាយកសាលាណា មានសិស្សជាប់និទ្ទេស A ច្រើនជាងគេ គឺនឹងក្លាយជាសាលារៀនល្អ ព្រមទាំង ទទួលបានពាន កត្តាទាំងនេះហើយ ទើបធ្វើឱ្យសាលាមានការខិតខំប្រឹងប្រែង។
សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
សូមជម្រាបថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់៕ ដោយ៖ គង់ សេដ្ឋាមុនី