សកម្មភាពគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៥ធ្នូ ២០២២

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានបង្ហាញគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ កំពុងមានភាពមមាញឹកក្នុងការបំពេញការងារ ដើម្បីទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី ខេត្ត ប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងទំព័របណ្ដាញសង្គមហ្វេកប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។

គួរកត់សំគាល់ផងដែរថា សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់៕

ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងសំណួរចម្លើយទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចូលទៅកាន់៖ https://t.me/moeysbot៕ ដោយ៖ គង់ សេដ្ឋាមុនី