USAID ប្រកាសគាំទ្រការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖គម្រោង USAID មរតកបៃតង ប្រកាសគាំទ្រការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃដែនជម្រកសត្វព្រៃលំផាត់ តាមរយៈកម្មវិធី រេដបូក និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តរតន:គិរី និងមណ្ឌលគិរី។

អង្គការ USAID ឱ្យដឹងថា គម្រោង USAID មរតកបៃតង បានដៃគូជាមួយ អង្គការ NatureLife Cambodia ក្នុងការទទួលបានជំនួយមូលនិធិ មានរយៈពេលពីរឆ្នាំដែលនឹងគាំទ្រទៅដល់ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃដែនជម្រកសត្វព្រៃលំផាត់ តាមរយៈកម្មវិធីរេដបូក (REDD+) និងសហគមន៍តំបន់ការពារធម្មជាតិ ។

បើតាម អង្គការ USAID គម្រោងនេះនឹងផ្តោតទៅលើការងារសំខាន់ៗចំនួនបី រួមមានការស្រាវជ្រាវដើម្បីគាំទ្រដល់ការត្រួតពិនិត្យ និងការការពារប្រភេទសត្វសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ការពង្រឹងការគ្រប់គ្រង និងបង្កើនសមត្ថភាពរបស់សហគមន៍តំបន់ការពារធម្មជាតិ ការផ្សព្វផ្សាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈកម្មវិធីរេដបូក (REDD+)៕ ដោយ៖ ពុទ្ធិពល