រដ្ឋាភិបាលបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ TSO SA លើកិច្ចសន្យាស្ដារផ្លូវដែកទិសខាងជើង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បើក កិច្ចប្រជុំពិភាក្សាចរចាបញ្ចប់វិវាទកិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ TSO SA លើកិច្ចសន្យាស្ដារផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត)និងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ក្រុមហ៊ុន ។

កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ដឹកនាំដោយលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូ និង ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនរូបផងដែរ។

ឆ្លងកាត់ការពិនិត្យលើសាវតារបស់គម្រោងស្ដារផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន TSO SA អង្គប្រជុំបានបន្តពិនិត្យពិភាក្សា និងផ្លាស់ប្ដូរយោបល់លើកិច្ចព្រមព្រៀងដោះស្រាយកាតព្វកិច្ចសារពើពន្ធ និងវិវាទកិច្ចសន្យាដែលផ្ដល់ជូនដោយក្រុមហ៊ុន TSO SA។

ជាមួយគ្នានេះ អង្គប្រជុំបានសម្រេចស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតទទួលកាតព្វកិច្ចសារពើពន្ធ និងសំណងកិច្ចសន្យាពីក្រុមហ៊ុនផ្ទាល់ជាកញ្ចប់ ដើម្បីបញ្ចប់បញ្ហាក្នុងកិច្ចសន្យាគម្រោងនេះ៕ ដោយ៖ ពុទ្ធិពល