ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នាថ្ងៃ២ វិច្ឆិកាថា គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬប្រទេសមួយ គឺការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខុមាលភាព, វិបុលភាព និងភាពធន់។
សម្ដេចតេជោបន្តថា ការកសាងទីក្រុងឆ្លាត ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសពីប្រជាជនរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង ។ ក្នុងន័យនេះ រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ានស្ថិតនៅជាប់ផ្ទាល់ ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើ សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។
សម្ដេចតេជោ បញ្ជាក់ថា នៅក្នុងក្របខណ្ឌតំបន់, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ានទាំងអស់ ត្រូវសហការគ្នា ក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភា្ជប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យ ទាំងក្នុងប្រទេស និងតំបន់។
សម្ដេចតេជោលើកឡើងទៀតថា គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់នឹងអាចកើតមានឡើង ដោយសារ និន្ទាការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះ រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខ ស្ថិរភាព និងសោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត អគ្គិសនី និងសំណល់ ប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ រិន ចំរើន