ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា ទីក្រុងឆ្លាតនឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែខ្លាំងឡើងថែមទៀត។
សម្តេចតេជោបានមានប្រសាសន៍ ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន នាថ្ងៃ២ វិច្ឆិកា ថា បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) បង្កើតឡើងនៅឆ្នាំ២០១៨ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន(MPAC) ឆ្នាំ២០២៥ និងផែនការ ការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និងការប្តេជ្ញាសម្រេចឱ្យបាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងរបៀបវារៈអភិវឌ្ឍន៍ទីក្រុងថ្មី។
សម្ដេចតេជោបន្ដថា ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្តផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ ការពង្រឹងភាពជាដៃគូ និងការផ្សារភ្ជាប់គម្លាតផ្នែកធនធាន។
សម្ដេចតេជោបន្ថែមថា ស្ថិតក្នុងបរិការណ៍ដែលអាស៊ាន និងសកលលោកបាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ការកសាងទីក្រុងឆ្លាតដែល មានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ទីក្រុងឆ្លាត មានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍ ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេសលើកកម្ពស់សុខុមាលភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។
សម្ដេចតេជោបញ្ជាក់ថា «ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាព សង្គម-សេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្តល់ឱកាសការងារ, មុខរបរ និងអាជីវកម្ម ដល់ប្រជាជនទូទៅ ក្នុងប្រទេស និងតំបន់អាស៊ានទាំងមូល»៕
ដោយ៖ រិន ចំរើន