ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានឱ្យភាគីពាក់ព័ន្ធខិតខំ ស្វែងរកអ្នកផ្ទុកមេរោគអេដស៍ជាង១ម៉ឺននាក់ដែលបាត់មុខមិនទាន់មកទទួលសេវាព្យាបាល ដើម្បីបញ្ចៀសកុំឱ្យបោះបង់ការព្យាបាល។
យោងតាមសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាស ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ នាថ្ងៃ២៨ វិច្ឆិកា បានឱ្យដឹងថា អ្នកផ្ទុក មេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុង ចំណោមប្រជាជនក្រីក្រដែលកំពុងទទួលបានការគាំពារសង្គមកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសហការជាមួយ ក្រសួងផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុងការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ពុំទាន់ទទួលការគាំពារសង្គម អាចទទួលបណ្ណសមធម៌ ឬអត្តសញ្ញាណបណ្ណជនក្រីក្រ។
លិខិតរបស់សម្តេចតេជោបន្តថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៣.៦១០នាក់ បានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ក្នុងនោះ អ្នកផ្ទុកមេរោគេអដស៍ចំនួន ៦.៦១៧នាក់ បានទទួលបានប័ណ្ណមូលនិធិសមធម៌ផងដែរ។
សម្ដេចតេជោថា កម្ពុជា ជាប្រទេសឈានមុខមួយ កំពុងផ្លាស់ប្តូរមុខមាត់កម្មវិធីអេដស៍ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ដែលមានភាពធន់ និងមានចីរភាព។ សម្ដេចថា កម្ពុជា បានចាប់ផ្តើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយដែលមុតស្រួចក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍គ្រប់លំដាប់ថ្នាក់ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរ ជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ។
សម្ដេចតេជោគូសបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវខិតខំថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិន ទាន់មកទទួលសេវាព្យាបាលប្រមាណ ១១.០០០នាក់ និងក្នុងការបញ្ចៀសកុំឱ្យមានការបោះបង់ការ ព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់។ ជាមួយនោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធីបង្ការ ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម»។
លើសពីនេះទៀត នាយករដ្ឋមន្ដ្រី លើកឡើងថា ដើម្បីឈានទៅសម្រេចជោគជ័យនៃការបង្ការ ទប់ស្កាត់ ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបានជិតស្និទ្ធ ជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្សព្វផ្សាយ សារសុវត្ថិភាពនៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ កម្មវិធី PrEP ឬ PEP ឬការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯងជាដើម៕ ដោយ៖ រិន ចំរើន