រតនគិរី ៖ ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ត្រូវបានប្រទះឃើញនៅតំបន់ជួរភ្នំក្រវាញ ដោយយោងតាមទិន្នន័យរូបភាពដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានដាក់នៅតាមតំបន់ការពារធម្មជាតិ ក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញកណ្តាល។ទោះបីជាមិនទាន់សូវសំបូរតែជាដំណឹងដ៏ល្អសម្រាប់អ្នកអភិរក្ស និងអ្នក បរិស្ថាននិយម។ នេះគឺជាសញ្ញាណដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជា ដែលប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះចាប់ផ្តើមបង្ហាញវត្តមានឡើងនៅតំបន់មួយចំនួន ហើយតំបន់មួយចំនួនទៀតមានចំនួនកើនឡើង។
ឆ្កែព្រៃ Dhole ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ ឆ្កែព្រៃរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗអាចមានរហូតដល់ជាងដប់ក្បាល ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រមាញ់ចំណី (ជាពិសេសប្រភេទសត្វមាឌធំ) និងទប់ទល់នឹងសត្រូវ។
ការរកឃើញវត្តមានសត្វកម្រៗជាច្រើនក្នុងនោះមានសត្វឆ្កែព្រៃនៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា បានបង្ហាញថាតំបន់ការពារធម្មជាតិ ត្រូវបានការពារ និងអភិរក្សបានល្អប្រសើរ និងបានក្លាយជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វព្រៃ។
ក្រសួងបរិស្ថានបន្ថែមទៀតថា ក្នុងនាមសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានដែនយុត្តាធិការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីការពារព្រៃឈើដែលជាទីជម្រករបស់ពពួកសត្វព្រៃ។ កម្ពុជាពិតជាមានមោទកភាពដែលមានវត្តមានប្រភេទសត្វកម្រនិងជិតផុតពូជនៅលើពិភពលោកមាននៅកម្ពុជា៕ ដោយ៖ សាន សៀងហៃ