ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្សប្រជាជនកម្ពុជាជាង៣ពាន់នាក់ នាព្រឹកថ្ងៃ២៦ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបានលើកពីសមិទ្ធផលធំៗមួយចំនួនរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើបានផ្ទាល់តែម្តង។
សមិទ្ធផលដែលសម្តេចលើកបង្ហាញនោះរួមមាន៖ ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ ជាពិសេសគឺការដាក់ចេញយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបាន យ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយទាន់ពេលវេលា ពិសេសពេលគ្រោះទឹកជំនន់បានកើតឡើង ការគ្រប់គ្រងដំណើរការនៃការបោះឆ្នោតបានយ៉ាងល្អ។
សម្តេចថា លើសពីនេះការអនុវត្តការទូតឯករាជ្យផ្អែកដោយច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអង្គការសហ ប្រជាជាតិលើបញ្ហារុស្ស៉ី-អ៊ុយក្រែន និងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ២០២២។
ជាមួយគ្នានេះ សម្តេចតេជោក៏មិនភ្លេចចំពោះការកោត សរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ដែលបានរួមសហការគ្នាធ្វើកិច្ចការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕ ដោយ៖ រិន ចំរើន