ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជន បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមាន ប្រសិទ្ធភាព ដើម្បីជៀសវាងបង្កនូវបញ្ហានានា។
ការដោះស្រាយបញ្ហាជម្លោះដីធ្លីប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការ ត្រូវបានសម្តេចតេជោ ផ្តល់អនុ សាសន៍ជាញឹកញាប់ជៀសវាងឡើងតុលាការនាំឱ្យខាតពេលវេលា និងប្រាក់កាក់ជាដើម។
ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាជាង៣ពាន់នាក់ ក្នុងរាជធានីភ្នំពេញ នៅវិមាន៧មករា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានក្រើនរំលឹកដល់សមាជិក-សមាជិកា គណបក្សមានតួនាទីនៅរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព រួមមាន៖ ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។
ក្នុងនោះសម្ដេចតេជោគូសបញ្ជាក់ថា ត្រូវយកចិត្តទុក ដាក់ផ្តល់នូវសេវាសាធារណៈ រួមមាន៖ សេវាតម្រូវ ការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។
សម្តេចថា “ជាពិសេសអាជ្ញាធរត្រូវយកចិត្តទុកដាក់ ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋបានរហ័ស និងមានប្រសិទ្ធភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័សជៀសវាងបង្កនូវបញ្ហានានា»។
លើសពីនេះ សម្ដចតេជោ បានជំរុញឱ្យអាជ្ញាធរមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករ ជាមួយរោងចក្រ ឬបុគ្គលិកក្រុមហ៊ុន ជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ៕ ដោយ៖ រិន ចំរើន