រដ្ឋមន្ត្រីបរិស្ថានជំរុញឱ្យដោះស្រាយបញ្ហាដីធ្លីនៅក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យអាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហាដីធ្លីដែលកើតឡើងនៅក្នុងខេត្ត ឱ្យអស់ មុននឹងខេត្តមួយនេះ ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់កម្ពុជា។

ការជំរុញរបស់លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុនេះ ធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

លោកសាយ សំអាល់ថ្លែងថា កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។

លោកថ្លែងបន្តថា សម្រាប់ថ្ងៃនេះ យើងមានឱកាសដើម្បីដោះស្រាយបញ្ហាដីធ្លីដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការស្តាប់របាយការណ៍អាជ្ញាធរដែនដីទាក់ទងនឹងបញ្ហាដីធ្លី ដើម្បីពិភាក្សា ដោះស្រាយឱ្យបានទាន់ពេលវេលា។

លោក គួច ចំរើន បានលើកឡើងឱ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗ ពាក់ព័ន្ធដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន ២២៩០ករណី។

លោកបន្តថា ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យដោះស្រាយ និងឆ្លើយតប សរុបចំនួន១៥៨៧ករណី ក្នុងនោះរួមមាន៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ចំនួន៨១ករណី ធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន ៤៤៨ករណី ធ្វើលិខិតឆ្លើយតបជូនម្ចាស់សំណើ ចំនួន២៨៧ករណី សំណុំរឿងដែលទុកជាឯកសារ (បណ្តឹងតែមួយទៅច្រើនស្ថាប័ន) ចំនួន៧៧១ករណី និងសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗដែលកំពុងពិនិត្យដោះស្រាយបន្ត៕ ដោយ៖ ពុទ្ធិពល