កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាពង្រីក និងសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមក

ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីពិធីចុះហត្ថ លេខាលើសេចក្ដីថ្លែងការណ៍រួម រវាងប្រធានសភា កម្ពុជា ឡាវ និងវៀតណាម (CLV) ស្ដីពី “កិច្ចប្រជុំកំពូលសភាទាំង៣នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣បានឱ្យដឹងថា ពិធីនេះ ដើម្បីពង្រឹងបន្ថែម ទៀតនូវទំនាក់ទំនងមិត្តភាព ជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសទាំង៣។

ប្រធានរដ្ឋសភានៃប្រទេស CLV ក៏បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការបង្កើត កិច្ចប្រជុំកំពូលសភា CLV និងកំណត់ការអនុម័តជាផ្លូវការនូវនីតិវិធីនៃកិច្ចប្រជុំ។

ប្រភពបញ្ជាក់ថា “ប្រធានរដ្ឋសភាទាំង៣បានសម្តែងការប្តេជ្ញាចិត្តយ៉ាង មុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងរដ្ឋសភានៃប្រទេសទាំង៣ដោយជំរុញកិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃប្រទេសទាំង៣”។

ជាមួយគ្នានោះដែរ ប្រធានរដ្ឋសភានៃប្រទេសទាំង៣ ក៏បានយល់ព្រមលើយន្តការដែលមានស្រាប់នៃកិច្ចប្រជុំគណៈកម្មាធិការគណៈកម្មការកិច្ចការបរទេស CLV ទៅជា “កិច្ចប្រជុំកំពូលសភា CLV“។ កិច្ចប្រជុំកំពូល នេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការលើគ្រប់ វិស័យក្នុងចំណោមប្រទេស CLV។ ជំរុញការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មាន បទពិសោធន៍ និងការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV និងកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (CLV-DTA)។

កិច្ចប្រជុំកំពូលលើកទីមួយ នឹងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភានៃប្រទេសឡាវ នៅឆ្នាំ២០២៣។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការសភានេះ នឹងបង្កើតផលប្រយោជន៍ ជាក់ស្ដែងបន្ថែមទៀត ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្តិភាព និងវិបុលភាព (M4P2) សម្រាប់ប្រជាជន នៃប្រទេសទាំងបី និងលើសពីនេះទៀត៕ ដោយ៖ រិន ចំរើន