សៀមរាប៖ មន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងសមាគមចុងភៅកម្ពុជា បានរៀបចំឱ្យមានការប្រកួតធ្វើម្ហូប ដែលប្រើប្រាស់កសិផល ដែលដាំដោយកសិករនៅជាយក្រុងសៀមរាប ក្នុងគោលដៅលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក។ កម្មវិធីធ្វើម្ហូបដែលមានឈ្មោះថា “ការបញ្ចេញស្នាដៃចម្អិនម្ហូបអង្គរ” បានធ្វើឡើង នៅភូមិអូរទទឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដែលអញ្ជើញជាអធិបតី បានឱ្យដឹងថា ការបង្កើតកម្មវិធីនេះ គឺជាការជំរុញដល់ការដាំបន្លែរបស់កសិករ ឱ្យពួកគាត់កាន់តែមានការខិតខំផលិត និងមានគុណភាពល្អបន្ថែមទៀត។ លោកបន្តថា កម្មវិធីនេះ ក៏ជាផ្នែកមួយក្នុងការស្វែងរកទីផ្សារសម្រាប់បន្លែសុវត្ថិភាពរបស់កសិករផងដែរ។
ចំណែកឯអង្គការអាគ្រីស៊ុតកម្ពុជា បានឱ្យដឹងថា កម្មវិធី “ការបញ្ចេញស្នាដៃចម្អិនម្ហូបអង្គរ” ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលកសិកម្ម ណែនាំឱ្យអនាគតមេចុងភៅបានស្គាល់ និងចូលរួមក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក មកចម្អិនអាហារ បង្ហាញពីថ្វីដៃរបស់ចុងភៅក្នុងខេត្តសៀមរាប ក៏ដូចជាផ្សព្វផ្សាយ និងធ្វើនវានុវត្តន៍នៃប្រព័ន្ធម្ហូបអាហារក្នុងខេត្តសៀមរាប ជាពិសេសមុខម្ហូប”ទឹកគ្រឿងសៀមរាប”។
លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា បានថ្លែងថា កម្មវិធី “ការបញ្ចេញស្នាដៃចម្អិនម្ហូបអង្គរ” បានជ្រើសរើសយកមុខម្ហូប” ទឹកគ្រឿងសៀមរាប” សម្រាប់ការប្រកួតធ្វើម្ហូប។ លោក បន្តថា ការរើសយកមុខម្ហូបនេះ ព្រោះ ទឹកគ្រឿង ជាមុខម្ហូបរបស់ខ្មែរ ដែលពលរដ្ឋខ្មែរតែងតែធ្វើពិសាជាមួយនឹងបន្លែដែលមាននៅជុំវិញផ្ទះសម្បែងពួកគាត់ ជារួមទឹកគ្រឿងជាមុខម្ហូប ដែលបានផ្សារភ្ជាប់ជាមួយពលរដ្ឋកម្ពុជាតាំងពីយូរលង់មកហើយ៕
ដោយ៖ គង់ សេដ្ឋាមុនី