ភ្នំពេញ៖ តបតាមការ អញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា រយៈពេល ៥ថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា ឱ្យដឹងថា នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ លោក វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោក វឿង ឌីញ ហ្វេ ក៏នឹងចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ។
លោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេស ទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។
នៅក្រោយជំនួប ភាគីទាំងពីរ នឹងអញ្ជើញចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-វៀតណាម និងរវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងអញ្ជើញដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម៕
ដោយ៖ ពុទ្ធីពល