រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រចំពោះគម្រោងរៀបចំកម្មវិធី ពិភាក្សាតស៊ូមតិ «ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ»

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានសម្ដែងនូវការគាំទ្រចំពោះគម្រោងរៀបចំកម្មវិធីពិភាក្សាតស៊ូមតិ «ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ» រៀបចំឡើងដោយ សាលា ACE និង idp ធ្វើនៅរាជធានីភ្នំពេញ ដែលអាចឱ្យសិស្ស និស្សិត និងយុវជននៅតាមបណ្ដាខេត្ដ និងតំបន់ជនបទចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូ អនឡាញ។

ការលើកឡើងរបស់ រដ្ឋមន្រ្ដីក្រសួងព័ត៌មាននេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក យស ថានិន្ទ នាយកគណៈគ្រប់គ្រងកម្មវិធីពិភាក្សាតស៊ូមតិ(Cam DEBATE) ចូលជួបសម្ដែងការគួរសម កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក យស ថានិន្ទ បានជម្រាបជូនថា កម្មវិធីខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ជាការអប់រំ បទពិសោធន៍ទៅឱ្យសិស្ស និស្សិត និងយុវជនកម្ពុជាដើម្បី មានឱកាសចូលរួមប្រកួតកម្មវិធីតស៊ូមតិ ដែលអាចឱ្យអ្នកចូលរួមហ៊ានឡើងនិយាយជាសាធារណៈ ក្នុងការតស៊ូមតិ។
លោកក៏បានគោរពស្នើសុំការគាំទ្រពី រដ្ឋមន្រ្ដីក្រសួងព័ត៌មាន សម្រាប់កម្មវិធីពិភាក្សាតស៊ូមតិ ដែលនឹងចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដែលកម្មវិធីពិភាក្សានេះផ្តោតទៅលើសង្គម ការអប់រំ បច្ចេកវិទ្យា និងបរិស្ថាន។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគាំទ្រចំពោះគំនិតរបស់គណៈគ្រប់គ្រងកម្មវិធីពិភាក្សាតស៊ូមតិ (Cam DEBATE) និងបានចូលរួមជាថវិកាចំនួន ២ លានរៀល សម្រាប់ការរៀបចំកម្មវិធីពិភាក្សាតស៊ូមតិ «ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ» នេះ។

លោក យស ថានិន្ទ បានលើកឡើងថា សម្រាប់អ្នកចូលរួមនឹងទទួលបានការអប់រំបន្ថែមទាក់ទងកិច្ចការដែលត្រូវអនុវត្តន៍ដោយខ្លួនឯងផ្ទាល់ ហើយក៏ជាឱកាសសម្រាប់ការសិក្សាបន្ថែម ពីការតស៊ូមតិ និងការនិយាយជាសាធារណៈ។ លោកបានអះអាងថា ការជួបពិភាក្សាជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានគឺដើម្បីស្នើសុំការគាំទ្រ និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកម្មវិធីពិភាក្សាតស៊ូមតិ «ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ» ដើម្បីសិស្សានុសិស្ស និងយុវជនកម្ពុជា ពិសេសនៅតាមបណ្តាខេត្ត ជនបទឆ្ងាយៗ ទទួលបានព័ត៌មាន ពាក់ព័ន្ធកម្មវិធីនេះ។

លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះ គឺនិយាយពីបញ្ហាទូទៅទាក់ទង សង្គមជាតិ ក៏ដូចជាការអភិវឌ្ឍ ការអប់រំ វិស័យបច្ចេកវិទ្យា បរិស្ថាននិងកិច្ចការងារមួយចំនួនទៀត ដែលសិស្ស និស្សិត និងយុវជនត្រូវដឹង។

លោក យស ថានិន្ទ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដែលបានគាំទ្រ និងផ្តល់ថវិកាដល់កម្មវិធីនេះ ហើយក្រុមការងារនឹងយកទៅសិក្សាបន្ថែមថាយើងអាចជួយអ្វីបានដល់កូនក្មេង ពិសេសកូនសិស្សតាមបណ្តាខេត្ត ដែលត្រូវការជួយគាំទ្រ និងឧបត្តម្ភ សម្រាប់ដំណើរការសិក្សារៀនសូត្រ៕ ដោយ៖ គង់ សេដ្ឋាមុនី