FATF ៖ កម្ពុជា អនុវត្តពេញលេញផែនការសកម្មភាព នៅសេសសល់ ពាក់ព័ន្ធបញ្ជីប្រផេះ

ភ្នំពេញ ៖ សេចក្តីសម្រេចរបស់មហាសន្និបាទក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានលើកឡើងថា កម្ពុជាបានអនុវត្តពេញ លេញនូវផែនការសកម្មភាព នៅសេសសល់ពាក់ព័ន្ធការដាក់កម្ពុជាក្នុងបញ្ជីប្រផេះ។

សម្ដេច ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់ គ.ស.ហ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ថ្មីៗនេះ មហាសន្និបាទ FATF កោតសរសើរកម្ពុជាថា អនុវត្តពេញលេញនូវផែនការសកម្មភាព នៅសេសសល់ ពាក់ព័ន្ធដាក់កម្ពុជាក្នុងបញ្ជីប្រផេះ ព្រមទាំងសម្រេចឱ្យកម្ពុជាចុះធ្វើ On-site Visit នាខែមករា ឆ្នាំ២០២៣ ខាងមុខផងដែរ។

សម្ដេចមានប្រសាសន៍ថា «ផ្អែកតាមរបាយការណ៍បឋមដែលសម្ដេចទទួលបានជាបន្ដបន្ទាប់ពីធនាគារជាតិ នៃកម្ពុជា និងអ្នកពាក់ព័ន្ធ កម្ពុជាបានរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់ខ្លួន និងបានដាក់ជូន FATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នេះ បានរំលិចឱ្យឃើញពីវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាពជុំទី០៩ ហើយមហាសន្និបាទ FATF កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា កម្ពុជា បានអនុវត្តបានពេញលេញនូវផែនការសកម្មភាពទាំងអស់ ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះធ្វើ On-site Visit នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ»។

សម្ដេចបន្ថែមថា ការសម្រេចរបស់ FATF ឱ្យមានការធ្វើ On-site Visit សម្រាប់កម្ពុជាមិនត្រឹមតែជាជោគជ័យក្នុងជំហ៊ានដ៏សំខាន់មួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានខ្លួនទៅរកការដកចេញពីបញ្ជីប្រផេះ ដែលជាគោលចុងក្រោយ នៃបេសកម្មរបស់ គ.ស.ហ។ សម្ដេច បន្ដថា ការចុះ On-site Visit នាពេលខាងមុខនេះ គឺជាដំណាក់កាលចុងក្រោយនូវក្នុងក្របខ័ណ្ឌ នៃនិតិវិធីរបស់ FATF មុនសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ខ្លួន៕ ដោយ៖ រិន ចំរើន