ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលដែលមានប័ណ្ណសមធម៌ មិនទាន់ទទួលប្រាក់ឧបត្ថម្ភក្រីក្រ ក្នុងអំឡុងពេលកូវីដ ត្រូវផ្ដល់ព័ត៌មានមក ACU ជាបន្ទាន់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU នាថ្ងៃទី១៦ វិច្ឆិកា បានឲ្យដឹងថា «អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណៈជនរស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ដែលមាន ប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់»។
ការលើកទឹកចិត្តនេះ ដោយសារ ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ឈ្មោះ សុខ សុផា បានប្រព្រឹត្តអំពើពុករលួយ ដោយលួចកិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ ជាង៦០លានរៀល ស្មើនឹង២ម៉ឺនដុល្លារ ។
ក្រោយទទួលដំណឹងនេះ កាលពីថ្ងៃ១៤ វិច្ឆិកា មន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាលចុះទៅឃាត់ខ្លួន ហើយបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃ១៦ វិច្ឆិកា៕ ដោយ៖ រិន ចំរើន