ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបជូនជនរួមជាតិអំពីបញ្ហាសុខភាពរបស់សម្តេចដែលមានលក្ខណៈធម្មតា តែអ្វីដែលជាការសប្បាយរីករាយរបស់សម្តេចនៅត្រង់ថាមេដឹកនាំនៃបណ្ដាប្រទេសដែលបានមកចូលរួមប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាហើយពេលត្រឡប់ទៅវិញ មិនមានអ្នកណាម្នាក់ឆ្លងកូវីដ១៩ ពីកម្ពុជានោះទេ ។ ក្នុងសារជាសំឡេងចេញនៅព្រលប់ថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២៤ ម៉ោងបានកន្លងផុតទៅហើយបន្ទាប់ពីសាររបស់សម្តេច ពេលនេះសុខភាពរបស់សម្តេចមានភាពធម្មតា មិនមានអ្វីគួរឱ្យកត់សម្គាល់ទេ អាការៈ ទាំងប៉ុន្មានគឺដូចធម្មតា ទទួលទានអាហារក៏ធម្មតា និង ការសម្រាកក៏ធម្មតា ។
សម្តេចតេជោថ្លែងបន្តថា អ្វីដែលជាការសប្បាយ រីករាយរបស់សម្តេច នៅត្រង់ឃើញថាមេដឹកនាំនៃបណ្ដាប្រទេស ដែលចាកចេញពីកម្ពុជាក្នុងពេលប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រទេស G20 នៅប្រទេសឥណ្ឌូណេស៊ីក៏ដូចជាការវិលត្រឡប់ទៅកាន់ ប្រទេសវិញ គ្មានអ្នកណាម្នាក់បានឆ្លងកូវីដ១៩ ចេញពីកម្ពុជានោះទេ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុសម្តេចមិនបានទុកតំណាងឱ្យនៅចូលរួមកិច្ចប្រជុំប្រទេសG20គឺ ដោយសារថាកម្ពុជាមិនមែនជាសមាជិកប្រទេស G20 នោះទេ ដូចនេះមិនមានសិទ្ធិចាត់តាំងតំណាងនោះឡើយ ។
សម្តេចតេជោបានបន្តថា នេះអាចបញ្ជាក់បានថាកម្ពុជាបានទទួលភ្ញៀវដោយសុវត្ថិភាពទាំងសន្តិសុខ ទាំងបញ្ហាទាក់ទងជាមួយនឹងជំងឺឆ្លងក៏ដូចជាបរិយាកាសដទៃទៀត ដែលផ្ដល់អំណោយផល សម្រាប់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបកស្រាយអំពីការលើកឡើងថាហេតុអ្វីបានជាសម្តេចមានកូវីដតែម្នាក់ឯង ហើយមិនទុកសមាជិកប្រតិភូឱ្យនៅចូលរួមក្នុងកិច្ចប្រជុំប្រទេសG20នៅ ប្រទេសឥណ្ឌូណេស៊ី ។ សម្តេចតេជោបានបញ្ជាក់ថា៖ «កម្ពុជាមិនមែនជាប្រទេសសមាជិកG20នោះទេ។ បើយើងជាប្រទេសសមាជិក G20យើងមានសិទ្ធិ និងតែងតាំងរដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រីណាមួយ ជាតំណាងរបស់យើងនៅទីនេះ។ ក៏ប៉ុន្តែនៅឥណ្ឌូណេស៊ីក៏ដូចជានៅបាងកកប្រទេសរបស់យើងត្រូវបានទទួលការអញ្ជើញក្នុងនាមជាប្រធានអាស៊ានតែម្ដងគឺនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដូច្នេះដើម្បីធានាការប្រព្រឹត្តទៅបានល្អក្នុងការប្រជុំកម្ពុជាបានធ្វើការសម្របសម្រួលជាមួយឥណ្ឌូណេស៊ីដែលបានទទួលញញួរជាប្រធានអាស៊ានរួចហើយនោះគឺគ្រប់គ្រងការងារជាប្រធាន អាស៊ានតែម្ដង ។ ព្រោះថាយើងមិនមានសិទ្ធចាត់តាំងអ្នកណាពីកម្ពុជាជំនួសឱ្យនាយករដ្ឋមន្ត្រី ហ៊ុន សែនបានទេ។ ម្យ៉ាងទៀតដោយសារការធ្វើដំណើរតាមយន្តហោះជាមួយគ្នាក្នុងចំនួន ៤០នាក់ជាងមិនមានអ្នកណាកើតកូវីដ១៩ក៏ដោយ»។
សម្តេចតេជោបានឱ្យដឹងទៀតថា ក៏ប៉ុន្តែប្រសិនមានបុគ្គលណាមួយឧបនាយករដ្ឋមន្ត្រីណាមួយអនុញ្ញាតឱ្យចូលរួមប្រជុំវាពិតជាផ្ដល់នូវការកង្វល់សម្រាប់ម្ចាស់ផ្ទះគឺឥណ្ឌូណេស៊ី។ហេតុដូច្នេះហើយបានជាសម្តេចសម្រេចចិត្តវិលត្រឡប់មកប្រទេសទាំងអស់គ្នាហើយប្រគល់ឋានៈជាប្រធានអាស៊ាននេះសម្រាប់ឥណ្ឌូណេស៊ីតែម្ដង។
សម្តេចតេជោបានបញ្ជាក់ទៀតថា សម្រាប់ការប្រជុំនៅអេប៉ិចទៀតសោតយើងបានសួរនាំទៅម្ចាស់ផ្ទះនៃអង្គប្រជុំនោះថាតើយើងអាចចាត់តំណាងទៅចូលរួមបានឬទេ។ គឺខាងម្ចាស់ផ្ទះបានឆ្លើយតបមកយើងវិញថាគឺការនេះគឺជាការអញ្ជើញប្រធានអាស៊ានដូច្នេះមិនមានការចាំបាច់ដើម្បីចាត់តាំងអ្នកណាទៅចូលរួមនោះទេ ។ ត្រង់នេះហើយដែលសម្តេចសូមបញ្ជាក់ថាក្នុងឋានៈយើងជាប្រធានអាស៊ាន ដែលត្រូវអញ្ជើញចំឈ្មោះគឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេនឆ្នាំ ២០២២ គេមិនមែនអញ្ជើញព្រះរាជាណាចក្រកម្ពុជានោះទេ។
សម្តេចតេជោអះអាងថា ពិតមែនព្រះរាជាណាចក្រកម្ពុជាជា ប្រធានអាស៊ានប៉ុន្តែយើងទៅក្នុងនាមប្រធានអាស៊ានគឺ ហ៊ុន សែន ជាប្រធានតែម្ដង។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏លើកឡើង ផងដែរថា នេះជាការជម្រាបជូនដើម្បីឱ្យមានការយល់គ្នាចៀសវាងនូវការភាន់ច្រឡំណាមួយដែលអាចកើតមានលើការបកស្រាយនានា ៕ដោយ៖ គង់ សេដ្ឋាមុនី