ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានចារឯកភាពយល់ព្រមលើលិខិតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍ពីសម្តេចដើម្បីផ្លាស់ប្តូរលោក ជាវ តាយ ចេញពីតួនាទីជាអភិបាលខេត្តពោធិ៍សាត់។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង។
ការសម្រេចស្នើសុំគោលការណ៍ផ្លាស់ប្តូរតួនាទីអភិបាលខេត្តពោធិ៍សាត់នេះ សម្តេចក្រឡាហោម បានលើកហេតុផលថា គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងការគ្រប់គ្រងការងាររដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្រ្តីរាជការ។
ជាការឆ្លើយតបនឹងសំណើររបស់សម្តេចក្រឡាហោមនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចារឯកភាពនិងចុះហត្ថលេខាយល់ព្រមលើសំណើរនៃការផ្លាស់ប្តូរតួនាទីអភិបាលខេត្តពោធិ៍សាត់នេះ។
យោងតាមលិខិតដដែលនេះ សម្តេចក្រឡាហោម ស ខេង ស្នើសុំតែងតាំងមុខតំណែង លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ន ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយកៅអីរបស់លោកធ្លាក់ទៅលើលោក ខូយ វីដា អភិបាលរងខេត្តបាត់ដំបងបច្ចុប្បន្នជាអភិបាលខេត្តពោធិ៍សាត់ជំនួសវិញ។
លោក ខូយ វីដា កាលពីអតីតកាលធ្លាប់ជាអភិបាលរងខេត្តពោធិ៍សាត់ ប៉ុន្តែលោកត្រូវបានផ្លាស់ប្តូរមុខតំណែងទៅកាន់ជាអភិបាលរងខេត្តបាត់ដំបងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២៕ ដោយ៖ ឧត្តម