ចិនផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់អគារមន្ទីរពេទ្យថ្មីនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សាងសង់អគារមន្ទីរពេទ្យថ្មីនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សម្រាប់បម្រើលើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងក្នុងពេលចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុនិងទីតាំងត្រៀមបម្រុងសម្រាប់ការសាងសង់អគារថ្មីនេះ បញ្ជាក់ថា អគារដែលគ្រោងនឹងសាងសង់ថ្មីនេះ នឹងចូលរួមចំណែកពង្រឹងនិងពង្រីកសមត្ថភាពក្នុងការផ្តល់សេវាពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងខេត្តនៅជុំវិញផងដែរ។

លោកបន្តថា អគារថ្មីនេះនឹងសាងសង់នៅលើផ្ទៃដី៨.៣៧៧ម៉ែត្រការ៉េ ក្នុងទំហំអគារសរុប ១៤.០០០ម៉ែត្រការ៉េ និងមានចំណុះគ្រែសរុប ចំនួន២០០គ្រែ ដែលមានបរិក្ខារពេទ្យផ្នែក សង្គ្រោះបន្ទាន់ ជំងឺក្រៅ វេជ្ជសាស្រ្ត វះកាត់ បច្ចេកវិទ្យាវេជ្ជសាស្រ្ត ផ្នែកសម្រាកពេទ្យ និង ផ្នែកភស្តុភារនិងគាំទ្រ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីសុខាភិបាលរូបនេះ ក៏បានពិនិត្យមើលអគារសម្តេចតេជោព្យាបាលជំងឺកូវីដ-១៩ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រៀមបម្រុងទុកសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឬជំងឺឆ្លងដ៏ទៃទៀត ដែលអាចកើតមានជាយថាហេតុនាពេលអនាគត៕
ដោយ៖ ពុទ្ធិពល