ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងប្រាប់ ប្រជាពលរដ្ឋដែលមានយានយន្តគ្រប់ប្រភេទឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ ដើម្បី ឱ្យអនុលោមតាមប្រកាសលេខ ៥៣១ សហវប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្ដីណែនាំលេខ ៩២៥៤ អពដ ចុះ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ការប្រមូលពន្ធប្រភេទនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១៦ ខែវិច្ឆិកានេះ បញ្ជាក់ថា ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារបានក្រើន រំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាស បង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់ យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅ ធនាគារកម្ពុជាសាធារណះ ភីអិលស៊ី ឬនៅធនាគារជេរ ត្រាស់រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា កអ ឬនៅធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅតាម ធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ម្ចាស់យានយន្តក៍អាចបង់ ពន្ធតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store. ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមក។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ។
ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាមប្រពន្ធលើមធ្យោបាយដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទ(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
យោងតាមលិខិតលេខ ៤៨២ សជណ,ហក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ចំពោះយានយន្តឯកជនជ្រកក្រោម ផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ន. ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២២ទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីតយ និងចុះបញ្ជីយានយន្តនៅ ក្រសួងសាធារណការនិងដឹកជញ្ចូន ឱ្យបានរួចរាល់ជាមុនសិន។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់បំពេញ កាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ពុទ្ធិពល