អគ្គនាយកដ្ឋានពន្ធនាគារ ស្វែងរកជនត្រូវចោទ៣នាក់ លួចរត់ចេញពីពន្ធនាគារខេត្តក្រចេះ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឆែម សាវុធ អគ្គនាយក ដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃ១៦ វិច្ឆិកា បានប្រកាសស្វែងរកជនត្រូវចោទចំនួន៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក ហើយបានលួចរត់គេចខ្លួនចេញពីពន្ធនាគារ ។

កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចន្លោះម៉ោង ១១និង២២នាទីយប់ ដល់ម៉ោង ១១និង៣៧នាទីយប់ មានជនត្រូវចោទចំនួន៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួច រត់គេចខ្លួនចេញពីពន្ធនាគារ ។

ពួកគេទាំង៣មានឈ្មោះដូចខាងក្រោម៖

១. ជនត្រូវចោទឈ្មោះ ញិហ៍ តុលា ហៅ អ៊ួច អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិស្វាយ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

២. ជនត្រូវចោទឈ្មោះ ជឿន ស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ទីលំនៅមុនពេលចាប់ខ្លួន ភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

៣. ជនត្រូវចោទឈ្មោះ ពេជ្រ ប្រិមប្រិយ៍ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត នៅភូមិមានជ័យ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ទីលំនៅមុនពេលចាប់ខ្លួន ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងករណីប្រជាពលរដ្ឋ បានប្រទះឃើញជនជាប់ឃុំទាំង៣នេះ ត្រូវសហការរាយការណ៍ មកអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើការចាប់ខ្លួនមកវិញ ហើយ
អគ្គនាយកដ្ឋានពន្ធនាគារនឹងជូនសគុណតាមការគួរ៕ ដោយ៖ រិន ចំរើន