សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បំពេញការងារបិទបាយអ តាមជង្ហុកដក់ទឹក និងចន្លោះថ្មភក់ ដែលបាត់ ឬខូចផ្នែកខ្លះ នៃកម្រាលស្ពានហាលប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើង។ ការបិទបាយអរនេះ ក្នុងគោលបំណងបញ្ចៀសហានិភ័យផ្សេងៗ ពិសេសលើកតម្លៃ ព្រមទាំងសោភ័ណភាពកម្រាលស្ពានហាល ស្របពេលការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ជិតរួចរាល់។ ការបិទបំពេញបាយអនេះដែរ ដើម្បីបញ្ចៀសកុំឱ្យទឹកដក់ធ្វើឱ្យដុះស្លែ បញ្ចៀសទឹកមិនឱ្យហូរចូលគ្រឹះ នាំឱ្យខូចគ្រឹះរបស់ស្ពានហាល ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗពេលភ្ញៀវទេសចរដើរឆ្លងកាត់។
មន្ត្រីបច្ចេកទេសអភិរក្ស និងជួសជុលថ្ម (ITALIA) នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក មុំ សុផុន លើកឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា កម្រាលស្ពានហាលធ្វើពីថ្មភក់ នៅផ្ទៃផ្នែកខាងលើមិននៅល្អពេញលេញ១០០ភាគរយដូចដើមនោះទេ ជ្រុងខ្លះ នៃថ្មភក់ពុកផុយ បាក់បែក ខូចខាតដោយអន្លើៗ បណ្តាលឱ្យមានជង្ហុកខ្លះៗ អាចធ្វើឱ្យក្រឡាច់ ឬជំពប់ជើងដួលពេលភ្ញៀវទេសចរដើរឆ្លងកាត់។
លោក សុផុន បន្តថា ការងារនេះធ្វើឡើងតាមដំណាក់កាលៗ និងបានចាប់ផ្តើមតាំងពីដើមខែកញ្ញា គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ។ ដំណាក់កាលទី១ សម្រេចបានប្រវែងទទឹង៦ម៉ែត្រ បណ្តោយ១០ម៉ែត្រ និងនៅដំណាក់កាលទី២នេះ កំពុងបន្តប្រវែងទទឹង៦ម៉ែត្រ និងបណ្តោយ១០ម៉ែត្រជាបន្តទៀត។
លោក បានឱ្យដឹងទៀតថា វត្ថុធាតុដើមសម្រាប់ផលិតបាយអរួមមានខ្សាច់ ម្សៅថ្មភក់ ម្សៅឥដ្ឋ កំបោរ និងទឹកជាដើម ជាវត្ថុធាតុដើមអាចរកបាននៅក្នុងស្រុក និងមិនធ្វើឱ្យប៉ះពាល់ខូចខាតដល់សាច់ថ្មឡើយ។ ក្រុមអ្នកជំនាញរំពឹងថា ក្រោយបំពេញនៅតាមជង្ហុកនៅស្ពានហាលផ្លូវចូលប្រាសាទអង្គរវត្ត រួចរាល់ភ្ញៀវទេសចរអាចដើរឆ្លងកាត់ដោយមានសុវត្ថិភាព ដែលនេះ ក៏ជាផ្នែកមួយដ៏សំខាន់ស័ក្តិសមនឹងតម្លៃរបស់ប្រាសាទអង្គរវត្តផង៕ អត្ថបទ៖ គង់ សេដ្ឋាមុនី