សម្ដេចតេជោ ៖ ពុំមាននរណារារាំងខ្ញុំ មិនឲ្យចូលរួមកិច្ចប្រជុំG20 នៅឥណ្ឌូនេស៊ី និងAPEC នៅថៃទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គ្មានប្រទេសណាមួយរារាំងសម្តេចមិនឲ្យចូលរួមកិច្ចប្រជុំG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំAPEC នៅបាងកក ប្រទេសថៃនោះទេ ក្រោយពីសម្តេចតេស្តឃើញកើតជំងឺកូវីដ។

ជាមួយនឹងការចោទថាមានគេរារាំងនេះ សម្តេចក៏បានស្នើឲ្យលុបបំបាត់ការភ័ន្ដច្រឡំ ឬវិភាគណាមួយ ក្នុងចេតនា មិនឲ្យសម្តេចចូលរួមក្នុងកិច្ចប្រជុំG20 នៅឥណ្ឌូនេស៊ី និងកិច្ចសន្ទនាAPEC នៅថៃ។

បើតាមគម្រោងក្រោយបញ្ចប់កិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី ចន្លោះពីថ្ងៃ១៥-១៦វិច្ឆិកាហើយ សម្តេចតេជោនឹងបន្តដំណើរទៅចូលរួមកិច្ចប្រជុំ APEC នៅថៃតាមការអញ្ជើញពីលោក ប្រា យុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ។

តាមរយៈសារសំឡេងពិសេសជាង៨នាទី ផ្ញើជនរួមជាតិ នាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានស្នើដល់អ្នកវិភាគខ្លះឈប់លើកឡើងថា តើនេះអាចជាឧបាយកលនៃប្រទេសខ្លះ មិនចង់ឲ្យសម្ដេចមានវត្តមានក្នុងការប្រជុំ G20 ដែរឬទេ?។ ព្រោះប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូ កូវីដូដូ និងនាយករដ្ឋមន្ត្រីថៃ គឺសុទ្ធតែចង់បានវត្តមានសម្តេច ក្នុងកិច្ចប្រជុំទាំងពីរនេះ។

សម្ដេចតជោគូសបញ្ជាក់ថា «ពិតណាស់គ្មាននរណា មានបំណង ដើម្បីឲ្យខ្ញុំព្រះករុណាខ្ញុំ មិនមានវត្តមាន នៅក្នុងកិច្ចប្រជុំG20 នៅឯឥណ្ឌូនេស៊ី ទាំងការប្រជុំ APEC នៅឯប្រទេសថៃនោះឡើយ។ ខ្ញុំសូមឲ្យបំបាត់ចោលនូវការភ័ន្តច្រឡំ ឬការវិភាគណាដែល នាំទៅដល់ផ្លូវនេះតែម្ដង ព្រោះថាប្រធាន G20 គឺប្រទេសឥណ្ឌូនេស៊ី ចង់ណាស់ឲ្យមានវត្តមានប្រធានអាស៊ាន គឺករុណាខ្ញុំទៅទីនោះ ហើយប្រទេសថៃដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC ពិតជាចង់ណាស់ចង់ឲ្យករុណាខ្ញុំ មានវត្តមាននៅទីនោះ»៕ ដោយ៖ រិន ចំរើន