ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រុមអ្នកសារ ព័ត៌មានឥណ្ឌា បានសរសើរកម្ពុជាចំពោះការរៀបចំទទួល អ្នកសារព័ត៌មានទាំងជាតិ និងអ្នកអន្តរជាតិ មានភាពល្អនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។
ថ្លែងក្នុងកិច្ចសម្ភាសន៍ ជាមួយក្រុមប្រតិភូអ្នកសារព័ត៌មានឥណ្ឌា ដែលបានមក ផ្តិតយកព័ត៌មាន ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសណ្ឋាគារសុខា ភ្នំពេញ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ភាគីឥណ្ឌាបានធ្វើការផ្លាស់អ្នកសារព័ត៌មាន និងបញ្ជូនអ្នកសារព័ត៌មានទៅវិញទៅមក។
រដ្ឋមន្រ្ដីក្រសួងព័ត៌មានបន្ដថា លោកបានជូនយោបល់ថានៅពេលមានបញ្ហាកើតឡើងនៅក្នុងប្រទេសឥណ្ឌា ឬនៅក្នុងប្រទេសកម្ពុជា យើងអាចធ្វើសន្និសីទជាវិឌីអូ ដើម្បីធ្វើការទាក់ទងគ្នា ហើយអាចយកអ្នកជំនាញដើម្បីជួយពន្យល់ទៅវិញទៅមក។ ដូច្នេះអ្នកសារព័ត៌មាន គឺមានទាំងសងខាងអាចមានដំណឹងភ្លាមៗ ក្តៅៗ ពីអ្នកជំនាញតែម្តង ហើយចំណុចនេះអាចបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។
រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា ខាងក្រសួងព័ត៌មានបានរៀបចំ និងអញ្ជើញ ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា មកទស្សនកិច្ចនៅកម្ពុជា និងចុះកិច្ចព្រមព្រៀងជាមួយ ទីភ្នាក់សារព័ត៌មានកម្ពុជា(AKP) ដើម្បីផ្លាស់ប្តូរព័ត៌មានឱ្យបានរហ័ស ទាំងរូបថត ដើម្បីបង្កើនព័ត៌មាននៃប្រទេសទាំងពីរ។
ជាមួយគ្នានោះដែរ អ្នកសារព័ត៌មានឥណ្ឌា ក៏បានសួរពីករណី គួរតែមាន ជើងហោះហើរត្រង់ពីកម្ពុជាទៅឥណ្ឌា ដែលចំណុចនេះ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ភាគីទាំងពីរបានជជែកគ្នាជាច្រើនដងហើយ។ តែទោះបី ជាមិនទាន់មាន ជើងហោះហើរផ្ទាល់ក្តី ប៉ុន្តែប្រជាជនកម្ពុជា តែងតែធ្វើធម្មយាត្រាទៅកន្លែងមួយ ដែល ព្រះពុទ្ធពង្រីកសាសនានៅប្រទេសឥណ្ឌាដែរ។ ចំពោះ ករណីជើងហោះហើរដែលកន្លងមក មានការផ្អាកដោយសារជំងឺកូវីដ១៩ ប៉ុន្តែនៅពេលខាងមុខ នឹងមានការជជែកពិភាក្សាគ្នា ឡើងវិញក្នុងការហោះហើរត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌា។
ទាក់ទិននឹងការរៀបចំរៀបចំសម្រាប់អ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ អ្នកសារព័ត៌មានឥណ្ឌា បានលើកឡើងថា កម្ពុជាបានរៀបចំការរៀបចំបានល្អ កន្លែងធំទូលាយ និងមានភាពជិតស្និទ្ធព្រមទាំងទទួលបានព័ត៌មានលឿន ទាំងការផ្តល់ព័ត៌មានជាក្រដាស និងតាមអ៊ីនធឺណិត៕ ដោយ៖ គង់ សេដ្ឋាមុនី