កម្ពុជា-ឥណ្ឌា ផ្លាស់ប្តូរឯកសារសំខាន់ៗចំនួន៤

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុប្រធានាធិបតីឥណ្ឌា បានផ្លាស់ប្តូរឯកសារ សំខាន់ៗចំនួន៤ ខណៈភាគីទាំងពីរពេញចិត្តនឹងទំនាក់ទំនងនាពេលបច្ចុប្បន្ន។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានសម្តែងនូវសេចក្តីពេញចិត្តចំពោះទំនាក់ទំនង មិត្តភាពជាប្រពៃណីដែលកំពុងមាននាពេលបច្ចុប្បន្ន និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌ នាជំនួបពិភាក្សា ការងារទ្វេភាគី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេស ឥណ្ឌាជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយលោក Jagdeep Dhankha បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាលឥណ្ឌា សម្រាប់ការគាំទ្រនេះ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងផងអំពីទំនាក់ទំនង ជាមិត្តភាពដ៏យូរលង់រវាងប្រជាជាតិទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ឥណ្ឌាគឺជាប្រទេសភ្ជាប់ទំនាក់ទំនង ការទូតទីមួយដែលបានទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស និងបានរំលឹកឡើងវិញ អំពីដំណើរទស្សនកិច្ចជាលើកទី១ របស់សម្តេចទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំ១៩៨១ ដែលជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា”។ ចំណែកលោកអនុប្រធានាធិបតី Jagdeep Dhankha បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការលើក កម្ពស់ទំនងទំនងទ្វេភាគីទៅកាន់កម្រិតខ្ពស់ជាងមុន។

លោកអនុប្រធានាធិបតី Jagdeep Dhankha បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា ប្រទសឥណ្ឌាកំពុងរំពឹងដល់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំក្រោយ និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារបស់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីរម្លឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំថែមទៀត។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ខណៈដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីសោមនស្សរីករាយចំពោះការកើន ឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគី និងបានលើក ទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកលទ្ធភាព ដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត។
សម្តេចតេជោ ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្ស ការអភិរក្សប្រាសាទ បុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់វិស័យកសិកម្ម។

ក្រោយជំនួបទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកអនុប្រធានាធិបតី Jagdeep Dhankha បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរ ឯកសារដែលចុះហត្ថលេខារួចចំនួនបួន រួមមាន៖ ១. អនុស្សរណៈនៃការយោគ យល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្ម តំបន់បេតិកភណ្ឌកម្ពុជា។ ២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។ ៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។ ៤. កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្ស គំនូរវត្តរាជបូណ៌ ខេត្តសៀមរាប៕ ដោយ៖ គង់ សេដ្ឋាមុនី