សមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួនជនបរទេស ៦នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

កោះកុង ៖ សមត្ថកិច្ចខេត្តកោះបានឃាត់ខ្លួនជនបរទេសចំនួន ៦ នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីយប់ ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តកោះកុងផ្សព្វផ្សាយនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

ការឃាត់ខ្លួនជនបរទេសទាំង ៦ នាក់នេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោស្នងការ និងបានការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកម្លាំងអន្តោប្រវេសន៍ខេត្តកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បញ្ជាក់ថា ករណីចុះបង្ក្រាបខាងលើជាបទល្មើសជាក់ស្ដែងដោយបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ០១ លើក នៅក្រុងខេមរភូមិន្ទតាមបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី ក្រោយទទួលបានបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ ស្រី ០២នាក់ ។

អ្នកទាំង ៦ នាក់នោះរួម មាន ៖១ ឈ្មោះ Deng Chentao ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ២ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ៣ ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី ៤ ឈ្មោះZhang Manning ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិចិន ៥​ ឈ្មោះ Luo Liangliang ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន និង ៦ ឈ្មោះ Huang Shikun ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន។

បច្ចុប្បន្ន ករណីខាងលើនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕ ដោយ៖ ពុទ្ធិពល