លោក ចូ បៃឌិន ចុះពីលើយន្តហោះ មកដល់ដីកម្ពុជាភ្លាម ក្លាយជាទីចាប់អារម្មណ៍

ភ្នំពេញ ៖ ក្នុងដំណើរមកដល់កម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ លោក ចូ បៃឌិន ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកជំនាន់ទី៤៦ ត្រូវបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរក៏ដូចជាបណ្តាមេដឹកនាំផ្សេងៗទៀត កំពុងមានវត្តមាននៅកម្ពុជា សម្រាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។

អ្វីដែលជាទីចាប់អារម្មណ៍នោះ បើតាមពលរដ្ឋដែលចូលចិត្តតាមដានស្ថានការណ៍នយោបាយទាំងជាតិ-អន្តរជាតិ មើលឃើញថា ដំណើរចុះពីលើយន្តហោះពិសេសផ្ទាល់ខ្លួនរបស់ លោក បៃឌិន គឺលោកមិនបានធ្វើដំណើរឆ្ពោះទៅរករថយន្តពិសេសដែលបញ្ជូនពីអាមេរិកសម្រាប់ជិះភ្លាមៗទេ គឺលោកប្រធានាធិបតីរូបនេះ បានមកស្វាគមន៍ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងជជែកលេងជាមួយប្រជាពលរដ្ឋអាមេរិកនៅកម្ពុជាដែលរងចាំស្វាគមន៍លោកមួយសន្ទុះនៅព្រលានយន្តហោះតែម្តង មុនឡើងរថយន្ត។

សកម្មភាពនេះហើយ ត្រូវបានពលរដ្ឋដែលចូលចិត្តតាមដានស្ថានការណ៍នយោបាយទាំងជាតិ-អន្តរជាតិជាពិសេសវត្តមាន លោក ចូ បៃឌិន នៅកម្ពុជាពេលនេះ ខុសពីទៅបណ្តាប្រទេសផ្សេងៗទៀត គឺរាល់ដំណើរចុះពីលើយន្តហោះភ្លាម លោកតែងតែឆ្ពោះតម្រង់ទៅរករថយន្តត្រៀមទុកជាស្រេច ដោយមិនបង្អែបង្អង់យូរនោះទេ។

បន្ទាប់ពីជជែកជាមួយប្រជាពលរដ្ឋអាមេរិករួច លោក បានអញ្ជើញចូលរថយន្តពិសេសរបស់ខ្លូនចេញដំណើរពីព្រលានយន្តហោះអន្តរជាតិនៅម៉ោងប្រមាណ ៨និង៤៥នាទី អមទៅដោយក្បួននៅពីមុខ និងពីក្រោយ ធ្វើដំណើរតាមផ្លូវសហពន្ធរុស្ស៊ី តម្រង់មកកាន់សណ្ឋាសុខាភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និង៤១ ។

តាមទិដ្ឋភាពជាក់ស្តែង សង្កេតឃើញនៅតាមដងផ្លូវដែលប្រធានធិបតីអាមេរិកធ្វើដំណើរនេះត្រូវបានរក្សា សន្តិសុខយ៉ាងតឹងរឹងបំផុត ដោយសមត្ថកិច្ចបានរៀបចំយ៉ាងល្អ ពោលពេញទៅដោយភាពស្ងប់ស្ងាត់។

ការបង្ហាញវត្តមានរបស់ប្រធានាធិបតីអាមេរិកឃើញថា កម្ពុជាមានសន្តិភាពេញលេញ ក្នុងការទទួលថ្នាក់ដឹកនាំមហាអំណាច ហើយមានការទុកចិត្តលើថ្នាក់ដឹកកម្ពុជា ចំពោះថ្នាក់ដឹកនាំប្រទេសមហាអំណាចដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

សូមជម្រាបថា យន្តហោះដែលលោកប្រធានាធិបតីអាមេរិកធ្វើដំណើរមកកម្ពុជា មានតម្លៃប្រមាណជាង២០០លានដុល្លារ ហើយពុំសូវមាននោះទេ នៅលើពិភពលោក៕ ដោយ៖ រិន ចំរើន