ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និងក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) បានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍ និងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញ នៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២.៥០០មេហ្គាវ៉ាត់ ក្នុងគោលបំណងនាំចេញទៅសិង្ហបុរី ១.០០០មេហ្គាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺជាអ្នកទទួលទិញ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ ក្នុងអំទ្បុងពេលកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន(ABIS) ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា និងធ្វើជាសាក្សីដោយ លោក បណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី។
អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា សមិទ្ធផលនេះបង្ហាញពីទំនាក់ទំនងកាន់តែល្អ និងជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់របស់យើង និងបង្ហាញពីការជឿទុកចិត្តកាន់តែច្រើនឡើងដែលអ្នកវិនិយោគសិង្ហបុរីមាននៅកម្ពុជា ជាដៃគូជាមួយនឹងបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយស្ថិរភាព និងអំណោយផល។
អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញក្តីរំភើបដែលបានចុះកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel នឹងអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១.០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋសិង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល សម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឲ្យការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ។
បើតាមអ្នកឧកញ៉ា គិត ម៉េង នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចរបស់យើង នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តធាតុផ្សំជាគន្លឹះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។
អ្នកឧកញ៉ា បញ្ជាក់ទៀតថា កិច្ចព្រមព្រៀងផ្តាច់មុខនេះនឹងផ្តល់ឱកាសឱ្យ Keppel ស្វែងរកគម្រោងថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា។ ធនធានថាមពលកកើតឡើងវិញ (RE) របស់ប្រទេសយើងមានច្រើនក្រៃលែង ហើយនេះជាឱកាសដ៏សំខាន់សម្រាប់យើងក្នុងការចាប់យកឱកាសនេះ និងបោះជំហានទៅមុខក្នុងការពន្លឿនការអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា។
អ្នកឧកញ៉ា ថ្លែងថា៖ «ខ្ញុំមានក្តីរំភើបយ៉ាងខ្លាំងចំពោះភាពជាដៃគូនេះ ហើយយើងទន្ទឹងរង់ចាំការសហការជាមួយ Keppel នាពេលខាងមុខនេះ»៕
ដោយ៖ ពុទ្ធិពល