ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត

ភ្នំពេញ៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ី និងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយការជួយ កៀរគរថវិកា ជួយកៀរគរអ្នកវិនិយោគ និងបច្ចេកវិទ្យា ដើម្បីជួយកម្ពុជាឱ្យក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ហើយក៏ នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍបៃតងផងដែរ។
នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីជំនួបពិភាក្សាកាងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណា្ឋគារសុខា រាជធានីភ្នំពេញ។

លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានសម្ដែងនូវការអបអរសាទរជូន ចំពោះ សម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបានជោគជ័យ។ លោកក៏ បានសម្ដែងនូវការអបអរសាទរផងដែរ ជូនចំពោះសម្ដេចតេជោ ដែលបានគ្រប់គ្រងការ រាតត្បាតជំងឺកូវីដ-១៩បានល្អ បានបើកប្រទេស និងបើកសេដ្ឋកិច្ចឡើងវិញ ហើយតាមការ រំពឹងទុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើន ៥,៣ភាគរយ សម្រាប់ ឆ្នាំនេះ។ ជាមួយគ្នានេះដែរ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ក៏បានគោរព វាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ។

លើសពីនោះទៀត លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូល្អ និងបានគូសបញ្ជាក់ ជូនសម្ដេចតេជោថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយ ការជួយកៀរគរថវិកា ជួយកៀរគរអ្នកវិនិយោគ និងគាក៏បច្ចេកវិទ្យា ដើម្បីជួយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ហើយក៏នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍បៃតងផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ដែលបានទទួលការអញ្ជើញមកចូលរួម ចែករំលែកធាតុចូលក្នុង វេទិកាកិច្ចសន្ទនាអាស៊ានជាសកល ហើយក៏បានថ្លែងអំណរគុណធនាគារ ADB ផងដែរ ដែលបានគាំទ្រកម្ពុជា ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និង ជួយកម្ពុជាឱ្យរួចផុតពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ADB ជាដៃគូល្អហើយរាល់គម្រោងជាមួយ ADB រមែងទទួលបានជោគជ័យ៕ ដោយ៖ គង់ សេដ្ឋាមុនី