កម្ពុជា-វៀតណាម សន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារវៀតណាម បានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការលើកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់ល្អទ្វេឡើង ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើង។

ការសន្យានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
ក្នុងជំនួបភាគីទាំងពីរ បានសម្តែងនូវមោទកភាពចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដែលបានជួយជំរុញឱ្យមាន កំណើននៃការវិនិយោគទុន និងពាណិជ្ជកម្មកាន់តែកើនឡើង បង្កើតនូវឱកាសមុខរបរ និងការងារជូនប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរៀងៗខ្លួន។

លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិ បុព្វហេតុជាតិមាតុភូមិនៃប្រទេសទាំងពីរក្នុងឱកាសខួបទី៥៥ឆ្នាំ នៃចំណង ការទូត កម្ពុជា-វៀតណាម។ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងថ្លែងអំណរគុណចំពោះ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់អាហារូបករណ៍មកដល់និស្សិត កម្ពុជាកន្លងមក។

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ជឿជាក់ថា វិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ របស់វៀតណាម មានទាំងគុណភាព បទពិសោធន៍ ហើយសង្ឃឹមថា វៀតណាមនឹងបង្កើនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាច្រើនបន្ថែមទៀត។ ចំណែក លោក Dao Ngoc Dung រីករាយដែលទទួលបានការស្វាគមន៍យ៉ាងកក់កៅ្ត បំផុត ពីសំណាក់ក្រសួងការងារកម្ពុជា ហើយលោក សន្យាផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាឱ្យបានកាន់តែច្រើនទៀតលើផ្នែកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនេះ ដើម្បីជាធនធានមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានោះដែរ លោក Dao Ngoc Dung ក៏បានឯកភាពចំពោះសំណើររបស់ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ដែលស្នើឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចសិក្សា ដកស្រង់នូវបទពិសោធន៍ពីគ្នាលើការអនុវត្តល្អនានា ដោយប្រទេសទាំងពីរ មានស្ថានភាពប្រហាក់ប្រហែលគ្នា ជាពិសេសគឺបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូជាច្រើនដូចគ្នា។
ក្នុងជំនួបនៅះដែរ ភាគីវៀតណាមក៏បានសន្យានឹងជួយគាំទ្រកម្ពុជាទៅ លើគម្រោងជាច្រើន សំដៅជំរុញបង្កើនល្បឿនកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី អាស៊ាន និងក្របខ័ណ្ឌតំបន់។


តបតាមការអញ្ជើញ របស់លោក Dao Ngoc Dung លោក អ៊ិត សំហេង នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម វៀតណាម នាខែមករា ឆ្នាំ២០២៣ខាងមុខ។

គួរបញ្ជាក់ថា យោងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ បត្តិការលើវិស័យការងាររយៈពេល ៥ឆ្នាំ បន្តទៀតដែលទើបចុះហត្ថលេខានៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ មាន៖ ១. ការផ្លាស់ ប្តូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យ នានារួមទាំងការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្តន៍ និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្មសេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មាន ទៅលើការពង្រឹងផលិតភាពការងារ។ ២. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ច រវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។ ៣. ការគ្រប់គ្រង ទេសន្តរប្រវេសន៍ការងារ រវាងប្រទេសទាំងពីរ។ ៤. ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការទប់ស្កាត់ការ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស និង ៥. ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិកា រដែលភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិស័យការងារ៕ដោយ៖ គង់ សេដ្ឋាមុនី