ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាង លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២ ជាមួយនិង លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុថៃ។ កម្ពុជា បានស្នើដល់ភាគីថៃផ្តល់ការគាំទ្រដល់បេក្ខភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ពិសេសគម្រោងលើកកម្រិតផ្លូវជាតិលេខ៦៨។
លោក វង្សី វិស្សុត បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មិនត្រឹមតែបានតភ្ជាប់កម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងទេសចរណ៍ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាជនរវាងប្រទេសទាំងពីរ ក៏ដូចជាពន្លឿនការតភ្ជាប់ក្នុងតំបន់ផងដែរ។ ក្រៅពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលជាផ្នែករឹង លោកក៏បានស្នើដល់ភាគីថៃពិនិត្យលទ្ធភាពបង្កើនការតភ្ជាប់ផ្នែកទន់ផងដែរ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ដូចជាតាមរយៈការជំរុញអនុវត្តបញ្ជតែមួយ (single window) ជាដើម។ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ភាគីថៃ ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលជាច្រកដ៏សំខាន់ ដើម្បីសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនាំមុខ និងការចូលរួមវិភាគទានរបស់ប្រទេសថៃ ក្នុងមូលនិធិអភិវឌ្ឍរបស់ ACMECS ដែលមូលនិធិនេះ នឹងក្លាយជាឧបករណ៍ហិរញ្ញប្បទាន សម្រាប់បំពេញបន្ថែមតម្រូវការផ្នែកហិរញ្ញប្បទានសម្រាប់គាំទ្រដល់គម្រោងអភិវឌ្ឍនានា របស់ប្រទេសជាសមាជិក ដូចកម្ពុជា ខណៈដែលប្រភពហិរញ្ញប្បទានពីប្រភពផ្សេងទៀត កំពុងត្រូវបានបង្វែរអាទិភាពទៅលើរបៀបវារៈអភិវឌ្ឍផ្សេង។
ទន្ទឹមនឹងនេះ លោក វង្សី វិស្សុត ក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមជាមួយភាគីថៃ ក្នុងការពិនិត្យលទ្ធភាពសំដៅធ្វើយ៉ាងណាឱ្យកំណើនពាណិជ្ជកម្មទ្វេភាគីកាន់តែមានស្ទុះខ្លាំងខ្លាឡើង ទន្ទឹមគ្នានឹងការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទាំងសងខាង ព្រមទាំងលទ្ធភាពក្នុងការបង្កើនការតភ្ជាប់ និងការដឹកជញ្ជូនភ្ញៀវទសចរណ៍ ទាំងតាមផ្លូវគោក និងផ្លូវអាកាស ដោយសារថៃជាច្រកទ្វារចូលដ៏សំខាន់នៃភ្ញៀវទេចរមកកាន់កម្ពុជា។
ជាកិច្ចឆ្លើយតប, លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា ក្រសួងហិរញ្ញវត្ថុថៃ នឹងបន្តសហការ និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អនេះឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងនឹងបន្តផ្តល់ឥណទានសម្បទានសម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ ភាគីថៃក៏នឹងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅច្រកស្ទឹងបត់ឱ្យបានឆាប់ផងដែរ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ ក៏បានសំដែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូកបី នាពេលកន្លងមក។
ជាមួយគ្នានេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា និង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានពិភាក្សាអំពីការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមទាំងវិស័យពន្ធដារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) និងកិច្ចសហប្រតិបត្តិការខាងវិស័យគយ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃផងដែរ ពិសេសការជំរុញការចុះហត្ថលេខាលើ MoU ស្តីពីការឆ្លងកាត់ទំនិញ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី វង្សី វិស្សុត និង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ Arkhom Termpittayapaisith ក៏បានឯកភាពគ្នាលើភាពសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាង ជាសមាជិកអាស៊ាន និងជាដៃគូក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិផ្សេងទៀត ដើម្បីនាំមកថែមទៀតនូវផលប្រយោជន៍ និងផ្លែផ្កាជូនប្រទេស និងប្រជាជនកម្ពុជា-ថៃ៕
ដោយ៖ គង់ សេដ្ឋាមុនី