កម្ពុជា-JETRO ជំរុញបរិយាកាសធុរកិច្ចនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន (JETRO)កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ បានពិភាក្សាដើម្បីជំរុញបរិយាកាសធុរកិច្ចនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន)កំពុងមានវឌ្ឍនភាព និងបានលើកទឹកចិត្តឱ្យ JETRO បន្តចូលរួមទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន និងពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ចលនាភូមិមួយផលិតផលមួយ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរនៅទីផ្សារជប៉ុន។

លោករដ្ឋមន្រ្តីរូបនេះ បានស្នើសុំឱ្យ JETRO សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពសិក្សារបន្ថែមអំពីកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំ JETRO ឱ្យកៀរគរក្រុមហ៊ុនជប៉ុនដែលមានទីតាំងនៅប្រទេសជិតខាង ជាពិសេសថៃ+១ និងវៀតណាម+១ ពិចារណាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកម្ពុជា។

លោក Nobuhiko Sasaki ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ JETRO បានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ការគាំទ្រយ៉ាងខ្លាំងលើ RCEP ជាពិសេសក្រសួងពាណិជ្ជកម្មដែលតែងតែគាំទ្រដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅកម្ពុជា និងបានចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននាពេលកន្លងមក និងកិច្ចប្រជុំពាក់ព័ន្ធនានា។

ជាមួយគ្នានេះ លោកបានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា និងក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹង RCEP ហើយវាជាក្របខ័ណ្ឌដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។

លោកបន្តថា អង្គការ JETRO គ្រោងនឹងរៀបចំសិក្ខាសាលាថៃ+១ នៅប្រទេសថៃក្នុងខែមករា ឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលមានទីតាំងក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេ ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយលទ្ធផលដ៏ល្អប្រសើ និងបានបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រើសើឡើងថែមមួយកម្រិតទៀត៕ ដោយ៖​ ពុទ្ធិពល