កម្ពុជា-វៀតណាមពិភាក្សាលើបញ្ហាសំខាន់ចំនួន ៥ ចំណុចលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន

ភ្នំពេញ៖កម្ពុជា-វៀតណាម បានបន្តពិភាក្សាទៅលើចំណុចសំខាន់ៗ ចំនួន ៥ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដើម្បីរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនេះស្រាប់។

ចំណុចសំខាន់ៗទាំងនោះ ត្រូវបានលើកឡើងយកមកពិភាក្សាក្នុងជំនួបរវាងលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរភាគី និងមន្ត្រីជំនាញពាក់ព័ន្ធ។

១).ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន៖

ភាគីទាំងពីរបានសាទរចំពោះអនុស្សរណៈនៃការយោគយល់ស្តីពី ប្រភេទ និងបរិមាណយានយន្តធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)។ ភាគីទាំងពីររំពឹងថា តាមរយៈអនុស្សរណៈថ្មីនេះ ចំនួននៃយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនឹងកើនឡើងរហូតដល់ ៨០០គ្រឿង។ ភាគីទាំងពីរក៏បានឯកភាព នឹងធ្វើការជូនដំណឹងអំពីខ្លឹមសារនៃអនុស្សរណៈនេះ ទៅដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនប្រតិបត្តិករដឹកជញ្ជូនរបស់ប្រទេសទាំងពីរផងដែរ។

២). ការងារច្រកទ្វារព្រំដែនអន្តរជាតិ៖

ច្រកទ្វារព្រំដែនព្រៃវល្លិ៍-ប៊ិញហៀប បានបញ្ចប់ការសាងសង់រួចរាល់ កំពុងពិនិត្យពេលវេលាសមស្របមួយ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ហើយជាមួយគ្នានេះ ភាគីទាំងពីរក៏កំពុងពិនិត្យរៀបចំការងារច្រកទ្វារព្រំដែនបន្ទាយចក្រី-ឌីញបា និងគម្រោងស្ដារឡើងវិញផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៥គ.ម តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងការងារសាងសង់អគារព្រំដែនក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) និងច្រកទ្វារព្រំដែនជ្រៃធំ-ខាញ់ប៊ីញ ដែលគ្រោងនឹងសាងសង់អគារព្រំដែន ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ចំពោះបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ភាគីវៀតណាម យល់ព្រមដោះស្រាយបញ្ហាកកស្ទះនេះ ដោយនឹងធ្វើការពង្រីកគន្លងខ្សែផ្លូវពី ២គន្លង ទៅ៤គន្លង នៅចំណុចកកស្ទះខ្លាំង ព្រមទាំងសម្រួលដោះស្រាយបញ្ហានីតិវិធីនៃលំហូឯកសារសម្រាប់យានយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ។

៣).ការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ៖

ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ដើម្បីអាចធ្វើការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន(ភ្នំពេញ-បាវិត)របស់កម្ពុជា ហើយជាលទ្ធផល ភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មានជាក់លាក់ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ។ ភាគីវៀតណាមក៏បានបញ្ជាក់ផងដែរថា ការសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនរបស់វៀតណាម(ម៉ុកបៃ-ហូជីមិញ) បានបញ្ចប់រួចរាល់ ហើយគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលស្រដៀងគ្នានេះដែរ ភាគីកម្ពុជាគ្រោងអនុវត្តគម្រោងល្បឿនលឿន (ភ្នំពេញ-បាវិត) នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។

៤).ការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយនៃខ្សែផ្លូវដែកសិង្ហបុរី-គុនមីង (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មីតភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃ។ ជាមួយគ្នានេះ ភាគីទាំងពីរបានស្នើឱ្យមានការរៀបចំក្រុមការងារបច្ចេកទេស និងមន្រ្តីបង្គោល របស់ប្រទេសទាំងពីរ ដើម្បីពិភាក្សារកចំណុចតភ្ជាប់ផ្លូវដែករួមគ្នា។ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងធ្វើការជូនព័ត៌មានអំពីការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរជាមួយផ្លូវដែកសិង្ហបុរី-គុនមិញ(SKRL) ទៅដល់លេខាធិការដ្ឋានអាស៊ាន ផងដែរ។

៥).ការងារដឹកជញ្ជូនតាមផ្លូវទឹក ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាម ពិនិត្យ និងសម្រួលលើបញ្ហានីតិវិធីនៃលំហូរឯកសារឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ នៅចំណុចច្រកទ្វារព្រំដែនក្អមសំណ(កម្ពុជា) ហើយជាលទ្ធផល ភាគីវៀតណាមបានយល់ព្រមសម្រួលការងារនេះ ជាមួយអាជ្ញាធរគយរបស់ខ្លួន ឱ្យបានឆាប់បំផុត។

ភាគីទាំងពីរបានបង្ហាញសុឆន្ទៈក្នុងការជំរុញគម្រោងនានា ដែលបានលើកយកមកពិភាក្សាខាងលើ ឱ្យសម្រេចបានលទ្ធផល ចេញជារូបរាងនាពេលខាងមុខឆាប់ និងបានប្តេជ្ញាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួង និងក្រសួង ក៏ដូចជារវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕​ ដោយ៖ ពុទ្ធិពល