គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកានេះ អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ចុះឈ្មោះចូលរួម កិច្ច ប្រជុំ កំពូល អាស៊ានសរុបជិត ១ ៨០០ នាក់ ក្នុងនោះ អ្នកកាសែតបរទេសជិត១ពាន់នាក់

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដែលចុះឈ្មោះសម្រាប់ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធសរុប ១៧៥០ នាក់ ក្នុងនោះអ្នកសារព័ត៌មានបរទេសចំនួន ៩២០ នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមលោក ផុស សុវណ្ណ ក្នុងចំណោមអ្នកសារព័ត៌មានសរុប ១ ៧៥០ នាក់ គឺអ្នកសារព័ត៌មានជាតិចំនួន ៨៣០នាក់ ក្នុងនោះ មន្ត្រី៤៥១នាក់ និង អ្នក សារព័ត៌មានបរទេសចំនួន ៩២០នាក់។ លោកអគ្គនាយកសង្ឃឹមថានឹងមានអ្នកសារព័ត៌មានចុះឈ្មោះជាបន្ដបន្ទាប់ទៀតហើយចំនួនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ នឹង កើនឡើងបន្ថែមទៀតរហូតដល់ថ្ងៃប្រជុំកំពូលអាស៊ាន។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញដែលមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/ ប្រមុខរដ្ឋាភិបាលអាស៊ានប្រទេសជាដៃគូសន្ទនាអាស៊ានអង្គការអន្ដរជាតិធំៗរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ៕ ដោយ៖ គង់ សេដ្ឋាមុនី