ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅលើផេកហ្វេសប៊ុកផ្លូវការ សម្តេច ហេង សំរិន បានលើកឡើងថា ដោយសារព្រះរាជាណាចក្រកម្ពុជា ជាប់រវល់ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ដែលមានប្រមុខរដ្ឋនិងថ្នាក់ដឹកនាំ បណ្តាប្រទេសជាមិត្តជាច្រើន នឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនេះ នៅឆ្នាំនេះរាជរដ្ឋាភិបាលបានសម្រេចផ្អាករៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍និងដើម្បីរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អជូនភ្ញៀវអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភាបានថ្លែងថា ទោះបីមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅក្នុងរាជធានីភ្នំពេញក៏ពិតមែន តែនៅតាមបណ្តាខេត្តនានា បានរៀបចំការប្រណាំងទូកង ដើម្បីបង្កលក្ខណៈសប្បាយរីករាយនៅតាមមូលដ្ឋានជាហូរហែមកហើយ។
សម្តេចប្រធានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាពនៅក្នុងឱកាសឈប់សម្រាកនេះ ក៏ជាពេលវេលា ដែលបងប្អូនជនរួមជាតិយើងបានជួបជុំគ្រួសារ ធ្វើដំណើរកម្សាន្តសប្បាយ នៅតាមរមណីដ្ឋាននានា នៅទូទាំងប្រទេសយ៉ាងសប្បាយរីករាយ។
សម្តេចប្រធានក៏សូមស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យប្រជាពលរដ្ឋ និងទេសចរបរទេស មានឱកាសបានសប្បាយរីករាយនៅក្នុងឱកាសឈប់សម្រាកនេះ។
សម្តេចប្រធានរដ្ឋសភាក៏សូមជូនពរបងប្អូនជនរួមជាតិទំាងអស់ធ្វើដំណើរជិតឆ្ងាយបានជួបតែសុខសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ពេលបើកបរ៕ដោយ៖ គង់ សេដ្ឋាមុនី